កណ្ដាល ៖ នៅខណៈ ដែលយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ រយៈពេល១៥ថ្ងៃ នៅខេត្តកណ្តាលជិតបិទបញ្ចប់ នៅពេលនេះ មានមន្ទីរពេទ្យបង្អែកមួយចំនួននៅខេត្តកណ្តាល បានអំពាវនាវអោយបណ្តាកងកំលាំង មន្ត្រីរាជការ និងព្រះសង្ឃ មន្ត្រីចូលនិវត្ត អ្នករត់ម៉ូតូឌុប តាក់ស៊ី អាជីវកម្ម និងពលរដ្ឋនានាទៀត ដែលមានឈ្មោះចាក់វ៉ាក់សាំង គឺសុំអញ្ជើញមកចាក់វ៉ាក់ សាំងប្រឆាំងកូវីដ១៩។
បើតាមវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១២ ខែមេសានេះថា នៅថ្ងៃនេះ អ្នកមកចាក់វ៉ាក់សាំងគឺមានចំនួនតិចតួច ហើយ គ្រប់បណ្តាកងកំលាំង មន្ត្រីរាជការ និងព្រះសង្ឃ មន្ត្រីចូលនិវត្ត អ្នករត់ម៉ូតូឌុប តាក់ស៊ី អាជីវកម្ម និងពលរដ្ឋនានា ទៀតដែលមានឈ្មោះទើបមកចាក់វ៉ាក់សាំងនេះ ដោយសារកន្លងមកពួកគេជាប់រវល់ការងារ និងទើបបានស្ម័គ្រចិត្តមកចាក់នៅពេលនេះ។
ទោះយ៉ាងណា ពលរដ្ឋទើបបានចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យជ័យជំនះ បានថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានខិតខំស្វែងរកវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនបណ្តាពលរដ្ឋខ្មែរដែលមានការងារជួយហានីភ័យខ្លាំងចំពោះការឆ្លងមេរោគកូវីដ១៩ ហើយតាមរយៈការជំរុញចាក់វ៉ាក់សាំងនេះរំពឹងថា ស្ថានការកូវីដ១៩នៅកម្ពុជា នឹងមានការថមថយ និងផុត រលត់ពីកម្ពុជា។
បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងថា គិតចាប់ពីថ្ងៃទី១ ខែមីនា រហូតមកដល់ថ្ងៃទី១២ ខែមេសានេះទូទាំងខេត្តកណ្តាល បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ បានចំនួនជិត៣៣០០០នាក់ ក្នុងនោះ មន្ត្រីរាជការអាទិភាពចាក់បានជិត៥០០០នាក់ខណៈផែនការត្រូវចាក់លើមន្ត្រីរាជការមានត្រឹមតែជិត៤០០០នាក់។
វេជ្ជបណ្ឌិត គួយ ប៊ុនធឿន បញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ រយៈពេល១៥ថ្ងៃក្នុងខែមេសានេះ ខេត្តកណ្តាលបានទទួលវ៉ាក់សាំងប្រមាណជាង ៦៧០០០ដូស គ្រោងចាក់បានលើមនុស្សចំនួន៣៣០០០នាក់ ហើយគិតត្រឹមថ្ងៃទី១១ ខែមេសានេះ យើងបានចាក់ បានចំនួនជាង៣២៨០០នាក់ នៅសល់អ្នកមានឈ្មោះត្រូវចាក់តិចទៀត នៅមិនទាន់បានទៅចាក់ ហើយយើងក៏សូមអញ្ជើញអោយពួកគាត់ទៅចាក់ផងដែរ ខណៈនៅសល់តែ៣ថ្ងៃទៀត ដូសទី២ នឹងត្រូវចាប់ផ្តើមដំណើរការបន្តចាក់៕
អត្ថបទ ស៊ុម សុខជា