ភ្នំពេញ៖ បន្ទាប់ពីទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី បានប្រមាថអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត អ្នកវិភាគ នយោយនៅកម្ពុជា បានចាត់ទុកការប្រមាថនេះ ថាជាការជាន់ឈ្លីប្រវត្តិសាស្រ្ត និងគ្រឹះវប្បធម៌ និងអរិយធម៌ខ្មែរ ។
លោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយនៅកម្ពុជា បានប្រាប់BTV នៅថ្ងៃនេះថា ការចេញសារ ប្រតិបត្តិកម្មដូចទឹកបាក់ទំនប់ របស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរ គឺជាការខឹងសម្បា ទោមនស្សទៅនឹងការប្រមាថមាក់ងាយអង្គព្រះមហាក្សត្រ ពីសំណាក់ទណ្ឌិតក្រត់ជាតិ សម រង្ស៊ី ព្រោះថា ការប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺជាការជាន់ឈ្លីប្រវត្តិសាស្រ្ត និងគ្រឹះវប្បធម៌ អរិយធម៌ខ្មែរ។
លោកបណ្ឌិត បានបញ្ជាក់ថា ប្រវត្តិសាស្រ្តខ្មែរ គឺចងភ្ជាប់ជាមួយរបបរាជានិយម ហើយវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ ក៏ចងភ្ជាប់ជាមួយរបបរាជានិយមផងដែរ ដូច្នេះបុគ្គល ដែលបានប្រមាថអង្គព្រះមហាក្សត្រ គឺជាបុគ្គលអត់សាសនា និងជាមនុស្សអត់ស័ក្ដិសមទទួលបានសញ្ជាតិជាខ្មែរ និងមិនត្រូវឲ្យជាន់ទឹកដីខ្មែរនោះទេ។
កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៉ី បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថា «មិនមានមនសិការជាតិ និងក្បត់ជាតិ» ។
ទង្វើនេះ គឺជាការំលោភបំពានមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ដែលចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន បានឡើយ» ៕
អត្ថបទ៖ ទូច សោភ័ណ
