អាមេរិក៖ ស្របពេលមានការចោទប្រកាន់ដដែលៗរវាងភាគីសង្គ្រាមថា ភាគីម្ខាងទៀតគ្រោងនឹងពង្រីកជម្លោះរបស់ពួកគេដោយប្រើអាវុធមិនធម្មតានោះ លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃអង្គារបានព្រមានរុស្ស៊ីថា វានឹងជាកំហុសដ៏ធ្ងន់ធ្ងរបំផុតក្នុងការបំផ្ទុះអាវុធនុយក្លេអ៊ែរ។

ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះរុស្ស៊ីបានចោទប្រកាន់ដោយគ្មានហេតុផលថា ទីក្រុង Kyiv មានបំណងវាយប្រហារគ្រាប់បែកវិទ្យុសកម្មដែលបង្កឱ្យមានការព្រួយបារម្ភខ្លាំង ពីការបែកធ្លាយកាកសំណល់វិទ្យុសកម្មនៅពេលវាផ្ទុះ។ អ៊ុយក្រែនបានឆ្លើយតបដោយនិយាយថា ទីក្រុង Moscow កំពុងបង្កើតលេសសម្រាប់ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមដែលខ្លួនចាញ់នៅសមរភូមិ។
លោក Biden និយាយថា គេមិនច្បាស់ទេថា តើវិមានក្រឹមឡាំងកំពុងព្យាយាមបង្កើតឆាកល្ខោន សម្រាប់វាយប្រហារដោយនុយក្លេអ៊ែរ ឬយ៉ាងណា ប៉ុន្តែបានលើកឡើងពីការព្រមានម្ដងហើយម្ដងទៀត ពីរដ្ឋបាលរបស់លោកទាក់ទងនឹងសកម្មភាពនេះ។ លោក Biden និយាយថា ខ្ញុំហ៊ាននិយាយថា រុស្ស៊ីនឹងប្រព្រឹត្តកំហុសធ្ងន់ធ្ងរបំផុត បើប្រើអាវុធនុយក្លេអ៊ែរតាកទិក។ ខ្ញុំមិនធានាចំពោះអ្នកគ្រប់គ្នាទេថា វាជាប្រតិបត្តិការបំភាន់ភ្នែក ខ្ញុំមិនដឹងទេ ប៉ុន្តែវានឹងជាកំហុសដ៏ធ្ងន់ធ្ងរបំផុត៕
អត្ថបទ៖ សុខមាន