ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ដែលរងគ្រោះដោយទឹកជំនន់ នាព្រឹកថ្ងៃទី២៦តុលានេះ ជាមួយនឹងការពាំនាំព្រះរាជបណ្ដាំសួរសុខទុក្ខពី ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលតែងតែយកព្រះទ័យទុកដាក់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋ និងថ្លែងសរសើរដល់ការខិតខំទាំងឡាយរបស់អាជ្ញាធរ ថ្នាក់ដឹកនាំនិងកងកម្លាំងគ្រប់ថ្នាក់ ដែលបានជួយប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានកោតសរសើរប្រជាពលរដ្ឋដែលបានខិតខំរើបំរាស់ចេញពីវិបត្តិគ្រោះទឹកជំនន់ និងវិបត្តិនៃជំងឺឆ្លងរាតត្បាតកូវីដ១៩ ផងដែរ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញដោយមោទនភាពថា ស្ថានភាពជំងឺឆ្លង កូវីដ១៩ គឺនៅសល់តែប៉ុន្មានខែទៀតទេ គម្រប់៣ឆ្នាំហើយនៃការកើតឡើងនូវជំងឺដ៏កាចសាហាវនេះ។ សម្តេចបន្តថា ដោយសារការខិតខំរបស់បងប្អូនប្រជាពលរដ្ឋយើង ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល កូវីដគឺយើងគ្រប់គ្រងបាន ប៉ុន្តែទោះជាយ៉ាងណា សម្តេចក៏បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តការប្រុងប្រយ័ត្ន បើបងប្អូនណាដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញត្រូវទៅទទួលយកវ៉ាក់សាំងដូសជំរុញ ព្រោះកូវីដ វាមិនភ្លេចយើងទេ។
សម្ដេចតេជោ បានបញ្ជាក់ថា ជិត៧ ខែហើយ ដែលប្រទេសកម្ពុជា គ្មានអ្នកស្លាប់ដោយសារកូវីដ១៩។ នេះគឺជាជោគជ័យធំណាស់ ប៉ុន្តែសម្ដេចក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋរបស់យើងថា យើងអាចភ្លេចកូវីត ក៏ប៉ុន្តែកូវីតវាអត់ភ្លេចយើងទេ គឺវាអត់ទៅណាឆ្ងាយទេ កាលណាយើងប្រហែសតែបន្តិចយើងកើតកូវីត ហើយប្រសិនបើយើងយក វ៉ាក់សាំងមិនគ្រប់វានឹងនាំទៅដល់សភាពធ្ងន់ធ្ងរ។ដូច្នេះសម្ដេច បានអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបន្តការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ជាបន្តទៀត៕ អត្ថបទ៖ មុត សុទ្ធ





