អាមេរិក៖ សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសលោក Rishi Sunak បានព្រមព្រៀងគ្នាក្នុងកិច្ចសន្ទនាកាលពីថ្ងៃអង្គារ ដើម្បីធ្វើការរួមគ្នាគាំទ្រប្រទេសអ៊ុយក្រែន និងប្រឆាំងប្រទេសចិន។
មេដឹកនាំប្រទេសទាំង២ បានជួបសន្ទនាជាលើកដំបូងរយៈជាច្រើនម៉ោង បន្ទាប់ពីលោក Sunak បានក្លាយជានាយករដ្ឋមន្ត្រីទី៣ របស់ចក្រភពអង់គ្លេសនៅឆ្នាំនេះ ដោយកំពុងទទួលនូវវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីការលាលែងពីតំណែងរបស់លោកស្រី Liz Truss ក្រោយការចូលកាន់តំណែងត្រឹមតែ ៤៩ថ្ងៃ។ សេតវិមានបាននិយាយថា មេដឹកនាំទាំង២ បានអះអាងជាថ្មីអំពីទំនាក់ទំនងពិសេសដែលមានរវាងសហរដ្ឋអាមេរិក និងអង់គ្លេស និងបាននិយាយថា ប្រទេសទាំង២ នឹងធ្វើការរួមគ្នាដើម្បីជំរុញសន្តិសុខ និងភាពរុងរឿងពិភពលោក។
សេចក្តីថ្លែងការណ៍បាននិយាយអំពីសង្គ្រាម បង្កដោយការឈ្លានពានរបស់រុស្ស៊ីលើប្រទេសជិតខាង ដែលគាំទ្រដោយប្រទេសលោកខាងលិចថា មេដឹកនាំបានព្រមព្រៀងលើសារៈសំខាន់នៃការធ្វើការរួមគ្នា ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន និងនាំយកប្រទេសរុស្ស៊ីឲ្យទទួលខុសត្រូវចំពោះការឈ្លានពានរបស់ខ្លួន។ សេតវិមានបាននិយាយថា លោក Biden និងលោក Sunak បានព្រមព្រៀងដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិន ដែលទីក្រុងវ៉ាស៊ីនតោនបានកំណត់ថាជាគូប្រជែងភូមិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ចកំពូលរបស់ខ្លួននៅលើឆាកពិភពលោក នាពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖ ប៊ុនថន