បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool នឹងមានវត្តមានខ្សែប្រយុទ្ធ Darwin Nunez និងខ្សែការពារ Ibrahima Konate ត្រលប់មកវិញសម្រាប់ការប្រកួតរាត្រីនេះនៅទឹកដី Ajax Amsterdam ក្របខណ្ឌ UEFA Champions League។ Nunez និង Konate សុទ្ធតែបានត្រលប់មកហ្វឹកហាត់វិញក្រោយជាពីរបួសសរសៃពួរ និងសាច់ដុំ។

តែ Liverpool នឹងបន្តមិនមានវត្តមានរបស់ Thiago Alcantara ដដែលដោយសារបញ្ហាត្រចៀក។ ខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Darwin Nunez ដែលរកបានបីគ្រាប់ក្នុង ៤ប្រកួតចុងក្រោយរបស់ខ្លួននោះ បានអវត្តមានពីការប្រកួតដែលចាញ់នៅទឹកដី Nottingham Forest សប្តាហ៍មុន ខណៈដែលខ្សែការពារបារាំង Ibrahima Konate អវត្តមានតាំងពីថ្ងៃទី១២ ខែតុលា។
គ្រាន់តែមិនចាញ់ការប្រកួតនៅទឹកដីហូឡង់របស់ Ajax យប់នេះ Liverpool នឹងធានាបានកៅអីនៅជុំបន្ត ១៦ក្រុមចុងក្រោយ។ តែបើចាញ់មានន័យថា ក្រុមរបស់លោក Jurgen Klopp ត្រូវរង់ចាំប្រកួតចុងក្រោយនៅពេលទទួល Napoli។ ចំណែក Napoli ដែលទទួលភ្ញៀវ Rangers យប់នេះដែរនោះមានកៅអីនៅជុំបន្តរួចហើយ ក្រោយឈ្នះទាំង ៤ប្រកួតកន្លងមកមាន ១២ពិន្ទុពេញ៕
អត្ថបទ៖នាង សុភាវុធ