កំពង់ចាម ៖ កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេស បានធ្វើការចាប់ខ្លួនលោកសោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ពាក់ព័ន្ធនឹងអំពើប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តនៅខេត្តសៀមរាប។
ការចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាថ្ងៃត្រង់ ទី២៦ ខែតុលាឆ្នាំ២០២២ នៅម្តុំជ្រោយចង្វារ រាជធានីភ្នំពេញ ប្រភពពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីជននេះដ៏មានឥទ្ធិពលនៅខេត្តសៀមរាប ម្នាក់នេះ ខកខានមិនបានចូលបំភ្លឺនៅតុលាការសាលាដំបូងខេត្តសៀមរាប ទាំងដំណាក់កាលអយ្យការ និងដំណាក់កាលចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹងបណ្តឹងរបស់លោកស្រី ផាត់ សុជឿន ដែលប្តឹងពីបទជេរប្រមាថជាសាធារណ: បទប្រើអំពើហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តនៅផ្សារទំនើបអាស៊ី ក្រុងសៀមរាប កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២។
ប្រភពបន្តថា ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីដើមបណ្តឹងរដ្ឋប្បវេណី លោកស្រី ផាត់ សុជឿន ដាក់ពាក្យផ្ទេរសមត្ថកិច្ចពីសាលាដំបូងខេត្តសៀមរាប មកតុលាការខេត្តកំពង់ចាម៕



