ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានទទួលជួបសវនាការ និងទទួលអំណោយថ្នាំពេទ្យចំនួន១០មុខពីក្រុមហ៊ុន Bailly-Creat Laboratory និងថវិកាចំនួន៥០០ដុល្លាពីអ្នកស្រី លីម ហ៊ុយ នៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសទទួលជួបសវនាការនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ នៃក្រុមហ៊ុន Bailly-Creat Laboratory ដែលបានបរិច្ចាគអំណោយជាថ្នាំពេទ្យជាច្រើនរហូត១០មុខ ជូនដល់ កាកបាទក្រហមកម្ពុជា សម្រាប់ផ្គត់ផ្គង់ទៅដល់មន្ទីរបង្អែកនានា នៅតាមទីជនបទ សម្រាប់ការព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោកជំទាវបន្តថា កាកបាទក្រហមកម្ពុជា នឹងបែងចែកថ្នាំពេទ្យទាំងនេះយកទៅចែកចាយបន្ត នៅតាមបណ្តាមន្ទីរពេទ្យបង្អែកឆ្ងាយៗ នៅតាមបណ្តាខេត្ត សម្រាប់ទុកព្យាបាលបងប្អូនប្រជាពលរដ្ឋ ដែលត្រូវការព្យាបាលជម្ងឺផ្សេងៗ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
ប្រធានក្រុមហ៊ុន Bailly-Creat Laboratory លោក Patrick CHOAY បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោក ចូលរួមចែករំលែកការងារមនុស្សធម៌ជាមួយប្រជាជនកម្ពុជា និងសូមកោតសសើរយ៉ាងខ្លាំងក្លាចំពោះ កាកបាទក្រហមកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋ មានស្នាមញញឹម ពេញចិត្តយ៉ាងខ្លាំង ក្នុងការជួយទៅដល់ពួកគាត់ដែលត្រូវការជំនួយ។
លោក Patrick CHOAY បានឱ្យដឹងទៀតថា ដោយមើលឃើញពីតម្រូវការច្រើនរបស់ កាកបាទក្រហមកម្ពុជា ជាពិសេសប្រជាពលរដ្ឋរស់នៅតាមទីជនបទ ដែលខ្វះខាតថវិកាក្នុងព្យាបាលជម្ងឺ លោកក៏សម្រេចចិត្តនាំយកថ្នាំពេទ្យទាំងនេះ មកប្រគល់ជូន កាកបាទក្រហមកម្ពុជា សម្រាប់ទុកព្យាបាលជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតទាំងនោះ។ លោក Patrick បានឱ្យដឹងទៀតថា ក្រុមហ៊ុន Bailly-Creat Laboratory គឺមានអាយុកាល៥ជំនាន់មកហើយ នៃគ្រួសាររបស់លោក។ ហើយនេះជាលើកទី១ហើយដែលក្រុមហ៊ុន បានបរិច្ចាគថ្នាំពេទ្យទាំងនេះមកដល់ កាកបាទក្រហមកម្ពុជា ហើយក៏នឹងមានជាបន្តបន្ទាប់ទៀតសម្រាប់ប្រទេសកម្ពុជា។ លោកឱ្យដឹងទៀតសម្រាប់ថ្ងៃនេះដែរ ក្រៅពីប្រគល់ជូន កាកបាទក្រហមកម្ពុជា ក្រុមការងារក៏និងនាំយកថ្នាំពេទ្យមួយចំនួនទៀត ទៅប្រគល់ជូនក្រុមគ្រូពេទ្យ TYDA ផងដែរ៕ អត្ថបទ ៖ សំ ងីម













