ភ្នំពេញ ៖ ពិធីប្រគល់-ដាក់ឲ្យប្រើប្រាស់រោងជាងផ្នែកព័ត៌មានវិទ្យា អគ្គិសនី និងបរិក្ខារត្រជាក់ ដែលជាជំនួយដ៏សប្បុរសពីសំណាក់អង្គការហ្គូដណេប៊ីសកម្ពុជា ដែលទទួលបានជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (ហៅកាត់កយកា) និងក្រុមហ៊ុន LG Cambodia ជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង។
ក្នុងពិធីប្រគល់-ដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឲ្យដឹងថា គម្រោងនេះមានឈ្មោះថា«លើកកម្ពស់ជំនាញវិជ្ជាជីវៈយុវជនកម្ពុជា» ជាគម្រោងមួយ ដែលអង្គការហ្គូដណេប៊ីសកម្ពុជា ហើយអនុញ្ញាតឲ្យនិសិ្សតចុះកម្មសិក្សាពេញលេញនៅតាមបណ្តាក្រុមហ៊ុន សហគ្រាស យានដ្ឋានជាដៃគូរបស់វិទ្យាស្ថាននៅឆ្នាំទី២ និងអនុញ្ញាតឲ្យនិសិ្សតមករៀនពេលយប់ ដើម្បីបញ្ចប់ម៉ូឌុល ដែលបានកំណត់ដោយវិទ្យាស្ថាន។ ជាលទ្ធផល និសិ្សតទាំងអស់ ទទួលបានកម្មសិក្សាពេញលេញ មានប្រាក់ឧបត្ថម្ភសមស្របតាមលទ្ធភាព និងគោលការណ៍របស់ក្រុមហ៊ុន ទទួលបានបទពិសោធន៍ការងារជាក់ស្តែង កាត់បន្ថយការបោះបង់ការសិក្សាអាចក្លាយជាបុគ្គលិកពេញសិទ្ធិ ក្រុមហ៊ុនមាននិរន្តរភាព តាមរយៈទទួលបានពលកម្មជំនាញ និងមានពេលគ្រប់គ្រាន់ក្នុងការអង្កេត ដើម្បីយកជាបុគ្គលិកពេញសិទ្ធិ ចំណែកឯលោកគ្រូ អ្នកគ្រូ ទទួលបានបា្រក់ឧបត្ថម្ភការបង្រៀន។
ទន្ទឹមនោះ តំណាងអង្គការហ្គូដណេប៊ីសកម្ពុជា ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ និងអ្នកគ្រប់គ្រង LG បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា និងមានគោលដៅច្បាស់លាស់ ដើម្បីចូលរួមលើកកម្ពស់គុណភាពកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន លើកកម្ពស់ការទទួលបានការរៀនជំនាញវិជ្ជាជីវៈដល់យុវជន និងបង្កើនប្រព័ន្ធគាំទ្រការទទួលបានការងារដល់យុវជនកម្ពុជា។ ហើយនេះគឺជាគម្រោងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៤ ដែលគាំទ្រដោយ LG ជាមួយCCK និងKOICA។ ថវិកាសរុបសម្រាប់រយៈពេល៣ឆ្នាំ គឺ៨១១,៩៩០ដុល្លារអាមេរិក ដោយផ្អែកលើកិច្ចព្រមព្រៀងជាមួយ MOLVT។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ថ្លែងថា នេះជាការបើក កិច្ចសហការថ្មីមួយរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គូដណេប៊ីសកម្ពុជា ដែលរួមគ្នា ដើម្បីធ្វើការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន និងស្របតាមគោលនយោបាយរបស់ក្រសួង ក្នុងដំណាក់កាលដែលយើងកំពុងធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសាកលភាវូបនីយកម្មពិភពលោក។
ជាចុងក្រោយឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ក្រសួង បានធ្វើការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី មធ្យម និងវែងគ្រប់កម្រិតសិក្សាចំនួនប្រមាណ៥ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដែលជាហេតុធ្វើឲ្យកម្ពុជាកាន់តែមានធនធានមនុស្សសម្បូរបែប និងមានកម្មករនិយោជិតដែលមានផលិតភាព និងសមត្ថភាពជាងមុន បន្តរក្សាបាននូវភាពប្រកួតប្រជែង និងទាក់ទាញនូវគម្រោងវិនិយោគថ្មីៗផងដែរ៕ អត្ថបទ៖ រដ្ឋា














