ស្ទឹងត្រែង ៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជាស្បៀងអាហារ ត្រូវបានឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង ដឹកនាំយកទៅប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុង ឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីរាជការក្នុងខេត្ត ចុះសួរសុខទុក្ខ និង នាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារ បូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។
អំណោយដែលរដ្ឋបាលខេត្តចែកជូន ដល់កងកម្លាំងប្រតិបត្តិការសឹករងខេត្ត ឈរជើងតាមព្រំដែន កម្ពុជា-ឡាវ ដែលប្រចាំការមានពីរគោលដៅ ទី១ នៅចំណុចស្រែចំប៉ា និងកងកម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោក ៧០១ ឈរជើងតាមព្រំដែនកម្ពុជា-ឡាវ នៅចំណុចភូមិឧបសម្ព័ន្ធរិទ្ធីសែនជ័យពីរ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
ឯកឧត្តម ម៉ុម សារឿន បានថ្លែងនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចក្រឡាហោម ជូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសក្នុងគ្រា ដែលប្រទេស បាននឹងកំពុងរងវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តម បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ថា ភារកិច្ចកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន នេះ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងទប់ស្កាត់រាល់សកម្មភាពគ្រប់បទល្មើសផ្សេងៗ ទន្ទឹមនឹងកិច្ច ការងារទាំងអស់នេះដែរ ត្រូវចូលអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ និងវិធានសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍៕
អត្ថបទ៖ មាស ផល្លា