បន្ទាយមានជ័យ៖ ចំណតរថយន្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានក្លាយទៅជាទីតាំងផ្ទុកគំនរសំរាម និងចោលសំរាមយ៉ាងអនាធិបតេយ្យនៅចំកណ្តាលក្រុងប៉ោយប៉ែតតែម្ដង ។
ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក្បែរផ្លូវចំណតរថយន្តក្រុងប៉ោយប៉ែត បានត្អូញត្អែរពីបញ្ហាក្លិនស្អុយសាយភាយសំរាម នៅតាមដងផ្លូវជុំវិញបរិវេណចំណតរថយន្តក្រុងប៉ោយប៉ែតថា អាជ្ញាធរក្រុង ក៏ដូចជាម្ចាស់ចំណតរថយន្តហាក់បីដូចជាមិនមានវិធានការណាមួយធ្វើការសំអាតឲ្យបានស្អាតនិងមានបរិស្ថានល្អនៅត្រង់ចំណុចបរិវេណចំណតរថយន្តក្រុងប៉ោយប៉ែត បើទោះបីជាទីតាំងចំណតរថយន្តមួយនេះហាក់បីដូចមិនមានការអភិវឌ្ឍយ៉ាងណាក្តីនោះ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងនេះ ដើមឡើយមានសភាពល្អប្រសើរ ប៉ុន្តែបច្ចុប្បន្នហាក់បីដូចជាមានការខ្សត់ខ្សោយចំពោះការគ្រប់គ្រងរបស់ម្ចាស់ចំណតក៏ដូចជាអាជ្ញាធរក្រុងប៉ោយប៉ែត ហើយបច្ចុប្បន្នសម្បូរទៅដោយសំរាមដាក់គរគ្នាជុំវិញបរិវេណនេះ យ៉ាងអនាធិបតេយ្យដោយគ្មានរបៀបរៀបរយនោះឡើយ។
បើតាមប្រភពមានពីបុគ្គលិកអ្នកប្រមូលសំរាមរបស់ក្រុមហ៊ុន បានបង្ហើបថា ចំណតរថយន្តនេះពាក់ព័ន្ធបញ្ហាអនាម័យសំរាមគឺជាភារកិច្ចរបស់ម្ចាស់ចំណត និងអាជ្ញាធរក្រុងប៉ោយប៉ែតជាអ្នកទទួលខុសត្រូវក្នុងការសំអាតប្រមូលទុកដាក់សំអាតមិនពាក់ព័ន្ធជាមួយក្រុមហ៊ុននោះឡើយ។
ក្នុងនោះដែរលោក គាត ហុល អភិបាលក្រុងប៉ោយប៉ែត BTV News បានធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទដើម្បីសុំបកស្រាយពីបញ្ហាសំរាមនៅបរិវេណចំណតរថយន្តក្រុងប៉ោយប៉ែត តែលោកថា ជាប់រវល់ប្រជុំ ។
គូសបញ្ជាក់ថា ក្រុងប៉ោយប៉ែតគឺជាក្រុងតំបន់ទេសចរមួយ ដែលមានភ្ញៀវទេសចរឆ្លងកាត់ចម្រុះគ្រប់ជាតិសាសន៍ អាជ្ញាធរក្រុងគួរយកចិត្តទុកដាក់ពីបញ្ហាអនាម័យទាំងអស់នេះមិនត្រូវបណ្ដែតបណ្ដោយឲ្យមានការចោលសំរាមពាសវាលពាសកាលពេញបរិវេណក្រុងយ៉ាងដូច្នេះនោះទេ។ ទន្ទឹមគ្នានោះដែរម្ចាស់ចំណតរថយន្តក្រុងប៉ោយប៉ែតយើងមិនអាចមានលេខសំរាប់ធ្វើទំនាក់ទំនងបាននោះទេ៕ អត្ថបទ៖ ឃិន សារិទ្ធ





