ភ្នំពេញ៖ ក្រសួងសង្គមកិច្ច ដោយមានការចូលរួមពីមន្ត្រី នៃស្ថានទូតអូស្ត្រាលី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២នេះ បានបើកវគ្គបណ្ដុះបណ្ដាលដល់ស្ត្រីមានពិការភាពពី ជំនាញចរចា និងចំណេះដឹងមូលដ្ឋានទាក់ទងនឹងយេនឌ័រ និងពិការភាព។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ ដល់ស្ត្រីមានពិការភាពពី ជំនាញចរចា និងចំណេះដឹងមូលដ្ឋានទាក់ទងនឹងយេនឌ័រ និងពិការភាព។ វគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើង នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២២នេះ។
វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេលពីរថ្ងៃនេះ ផ្ដោតលើចំណុចសំខាន់មួយចំនួនដូចជា ច្បាប់និងឯកសារគតិយុត្តិ ចំណេះដឹងទូទៅពីអំពើហិង្សាផ្អែកលើយេនឌ័រ ចំណុចប្រសព្វនៃពិការភាព និងយេនឌ័រ ជំនាញចរចា និងចំណេះដឹងជាច្រើនផ្សេងទៀត។
ឯកឧត្តម ឯម ចន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លើកឡើងថា ការផ្ដល់ជំនាញចរចាដល់ស្ត្រីមានពិការភាព គឺមានសារៈសំខាន់ជាខ្លាំងសម្រាប់ស្ត្រីមានពិការភាព។ ភាពសំខាន់គឺដើម្បីឱ្យ ពួកគាត់ហ៊ានក្នុងការចរចា លើកស្ទួយសិទ្ធិរបស់ខ្លួន និងគេចផុតការកេងប្រវ័ញ្ចគ្រប់ទម្រង់។
ឯកឧត្ដម រដ្ឋលេខាធិការលើកឡើងបន្ថែមថា កិច្ចការពារជនមានពិការភាព និងការលើកកម្ពស់សិទ្ធិជារឿងសំខាន់។ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីពិការភាព ២០១៩-២០២៣ ដែលផ្តោតលើបញ្ហាយេនឌ័រ និងបញ្ឈប់ទាំងស្រុងការប្រើអំពើហិង្សាស្ត្រីនិងក្មេងស្រីមានពិការភាព។
ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះ លោក ខនណ័រ ហ្វ្លយ លេខាទី២ នៃស្ថានទូតអូស្ត្រាលី បានលើកឡើងដែរថា ស្ត្រីមានពិការភាពពិតជាប្រទះនូវបញ្ហាច្រើនជាង បុរសដែលមានពិការភាព។ សម្រាប់ស្ថានទូតអូស្ត្រាលី តាមរយៈកម្មវិធី ACCESS ក៏បានចូលរួមពង្រឹងនិរន្តរភាព គុណភាព និងបរិយាប័ន្នសេវាសម្រាប់ជនមានពិការភាព និងស្ត្រីរងគ្រោះដោយអំពោះហិង្សាទាក់ទងយេនឌ័រផងដែរ៕ អត្ថបទ៖ គឹមហុក