ភ្នំពេញ៖ ក្រុមហ៊ុនចំនួនបី នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីស្តីពីការប្រមូលប្រាក់នៃផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នៅអាគារកាណាឌីយ៉ា។ ក្រុមហ៊ុនចំនួនបី ដែលបានចុះហត្ថលេខាព្រមព្រៀងគ្នាលើការប្រមូលប្រាក់នៃផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុនោះ ទី១ ក្រុមហ៊ុន ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ ចុះហត្ថលេខាដោយ លោក MO KUN ជា អ្នកគ្រប់គ្រងទូទៅ ទី២ ធនាគារ អាយ ស៊ី ប៊ី ស៊ី (ICBC) សាខាភ្នំពេញចុះហត្ថលេខាដោយ លោក DENG YEN ជាអនុប្រធាន និងទី៣ ធនាគារ កាណាឌីយ៉ា ចុះហត្ថលេខាតំណាងដោយលោក Raymond Sia ជានាយកប្រតិបត្តិ។
តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគឺជាផ្លូវល្បឿនលឿនដំបូងគេ របស់កម្ពុជា ដែលបានផ្តើមបើកដំណើរការដំបូង នៅថ្ងៃទី0១ ខែតុលា ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមក ចរាចរណ៍នៅលើផ្លូវល្បឿនលឿន គឺបានទទួលកំណើនយានយន្តបើកបរមានកំណើនកើនឡើងជាលំដាប់ពីថ្ងៃទៅមួយថ្ងៃដោយមិនមានយកប្រាក់កម្រៃ និងបានកាត់បន្ថយពេលវេលាការធ្វើដំណើរភ្នំពេញ ក្រុងព្រះសីហនុ ៦ម៉ោង មកនៅត្រឹមជាងត្រឹម២ម៉ោងតែប៉ុណ្ណោះ ហើយផ្តល់ជូននូវភាពរហ័ស សុវត្ថិភាព និងជំនឿទុកចិត្តក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយនាំមកនូវការផ្លាស់ប្តូរដល់ជីវិតប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ។
តាមការគ្រោងទុក ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ នឹងចាប់ផ្តើមបើកបរឆ្លងកាត់យកថវិកាចាប់ពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២២នេះតទៅ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្នុងរយៈពេល៣សប្តាហ៍ដំបូងនៅក្នុងខែតុលានេះ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ បានទទួលរថយន្តបើកបរឆ្លងកាត់ជាង២០ម៉ឺនគ្រឿង ហើយ ផ្លូវល្បឿនលឿននេះបានសាងសង់ប្រវែង ១៨៧ គីឡូម៉ែត្រ បានចាប់ផ្តើមនៅក្នុងខែមិថុនាឆ្នាំ២០១៩ ក្នុងតម្លៃ ២ ពាន់លានដុល្លារអាមេរិច៕ អត្ថបទ៖ ស៊ុម សុខជា