
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញដឹកនាំប្រជុំ ដើម្បីឱ្យកុងស៊ីបញ្ចាំធ្វើអាជីវកម្មដោយស្របច្បាប់ មិនបង្កបទល្មើស ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរកចំណូលជូនជាតិបានថែមទៀត។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាននៅក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យកុងស៊ីបញ្ចាំធ្វើអាជីវកម្មដោយស្របច្បាប់ មិនបង្កបទល្មើស ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងរកចំណូលជូនជាតិបានថែមទៀត។
កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ប្រធានសមាគមអ្នកទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានកម្ពុជា និងគណៈប្រតិភូនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានេះធ្វើឡើង ដើម្បីស្វែងរកធាតុចូលមួយយកមកអនុវត្តឱ្យបានល្អ ទាំងអ្នកបើកអាជីកម្មបញ្ចាំ និងអ្នកយកទ្រព្យទៅបញ្ចាំ។
ឯកឧត្តម បន្តថា ជាទូទៅអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចត្រូវការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ។ កុងស៊ីបញ្ចាំដែលមិនមានច្បាប់បង្កបទល្មើស ត្រូវតែមានទោសទណ្ឌ។ អាជ្ញាធររាជធានីភ្នំពេញ មិនបានហាមឃាត់ប្រជាពលរដ្ឋ ក្នុងការបើកអាជីវកម្មកុងស៊ីបញ្ចាំនោះទេ តែកុងស៊ីបញ្ចាំនោះត្រូវតែ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា កុងស៊ីបញ្ចាំនេះ មាន២ ទី១ កុងស៊ីបញ្ចាំស្របច្បាប់ វាបានបំរើផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ ខណៈដែលប្រជាពលរដ្ឋមានបញ្ហាអ្វីមួយ ហើយយកទ្រព្យរបស់ពួកគាត់ទៅបញ្ចាំដើម្បីដោះស្រាយ ។ ទី២ កុងស៊ីបញ្ចាំមិនស្របច្បាប់ វាបានបង្កហានិភ័យសម្រាប់ប្រជាពលរដ្ឋ ដោយវាបានបង្កឱ្យមានបទល្មើសលួច ឆក់ ប្លន់ ដូច្នេះការងារនេះអាជ្ញាធរត្រូវរៀបចំឱ្យបានល្អ ដើម្បីបំរើផលប្រយោជន៍ទាំងសងខាង ពោលគឺបានប្រយោជន៍ទាំងកុងស៊ីបញ្ចាំ និងអ្នកយកទ្រព្យទៅបញ្ចាំ និងបានរកចំណូលចូលរដ្ឋថែមទៀត។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ជាក់ស្តែងសម្រាប់ពេលនេះ ពោលគឺក្រោយពីអាជ្ញាធររាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ ជាទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញឃើញថា បទល្មើសលួច ឆក់ ប្លន់ ករណីធាក់យកម៉ូតូជាដើមបានស្ងប់ស្ងាត់ ដែលការងារនេះត្រូវតែបន្តអនុវត្តឱ្យកាន់តែល្អប្រសើរថែមទៀត៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា






