
រុស្ស៊ី បានធ្វើសមយុទ្ធនុយក្លេអ៊ែរដ៏ធំលើកដំបូងក្នុងប្រទេសរបស់ខ្លួន ចាប់តាំងពីការចាប់ផ្ដើមសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ហើយលោកប្រធានាធិបតី Vladimir Putin បានអះអាងដោយគ្មានមូលដ្ឋានថា ទីក្រុង Kyiv កំពុងព្យាយាមផលិតគ្រាប់បែកវិទ្យុសកម្ម ខណៈទីក្រុង Moscow បង្កើនវោហារសាស្ត្រលើលទ្ធភាពដែលអាចនឹងមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងជម្លោះនេះ ស្របពេលមានភាពតានតឹងខ្លាំងជាមួយលោកខាងលិចជុំវិញអ្វីដែលរុស្ស៊ី ហៅថាជាប្រតិបត្តិការសឹកពិសេសក្នុងប្រទេសអ៊ុយក្រែន។
កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កាលពីថ្ងៃពុធបានអនុវត្តន៍នូវអ្វីដែលរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បានហៅថា ជាការវាយប្រហារដោយនុយក្លេអ៊ែរដ៏ធំជាមួយកងវាយប្រហារយុទ្ធសាស្ត្រ ឆ្លើយតបទៅនឹងការវាយប្រហារដោយនុយក្លេអ៊ែរពីសំណាក់សត្រូវរបស់លយើង ខណៈលោកPutin ត្រួតពិនិត្យព្រឹត្តិការណ៍នេះតាមវីដេអូពីវិមានក្រឹមានឡាំង។
ក្នុងសមយុទ្ធកាលពីថ្ងៃពុធ មានការបាញ់សាកល្បងមីស៊ីលបាលីស្ទីកនៅលើដីមានឈ្មោះថា Yars ពីទីតាំងបាញ់មីស៊ីល Plesetsk ភាគខាងជើង និងការបាញ់មីស៊ីល Sineva ICBM ក្បែរនាវាមុជទឹកបំពាក់នុយក្លេអ៊ែររុស្ស៊ី នៅក្នុងសមុទ្រ Barents ។
ថ្លែងទៅកាន់ក្រុមប្រមុខសន្តិសុខជាតិពីក្រុមប្រទេសអតីតសហភាពសូវៀត បន្ទាប់ពីសមយុទ្ធ លោក Putin បាននិយាយថា ការប្រឈមដាក់គ្នាផ្នែកភូមិសាស្ត្រនយោបាយបានកើនឡើងយ៉ាងខ្លាំង និងបានចោទសហរដ្ឋអាមេរិកថាកំពុងប្រើប្រាស់អ៊ុយក្រែនជាឈ្លាន់ប្រឆាំងរុស្ស៊ី៕ អត្ថបទ៖ សុខមាន