សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានអញ្ជើញក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងបាងកក ប្រទេសថៃ។
នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកដែលសភាប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ នៅរដ្ឋសភាថៃ នាទីក្រុងបាងកក ក្រោមអធិបតីភាព ឯកឧត្តម ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធាន APPF លើកទី៣០។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានប្រារព្ធធ្វើឡើងក្រោមមូលបទ សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តម ឈួន លីកផៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគ្រួសារ APPF និងបណ្តាប្រទេសជាមិត្ត រួមទំាងអង្គការជាដៃគូ អ្នកអង្កេតការណ៍ទំាងអស់ ដែលបានមកជួបជុំគ្នានាឱកាសនេះ ក្រោយពីជំងឺកូវីដ-១៩ បានធូរស្រាល។ ឯកឧត្តម បានលើកឡើងថា ការជួបជុំនេះមានសារៈសំខាន់ណាស់នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់ និងពិភពលោកកំពុងជួបប្រទះ ដូចជាការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ចក្រោយពីការរាតត្បាតជាសកលពីជំងឺកូវីដ-១៩ និងអំពើបញ្ហាប្រឈមផ្សេងៗ ដែលបានកំពុងកើតមានជាបន្តបន្ទាប់ក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ប្រធាន APPF លើកទី៣០ បានលើកឡើងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ APPF បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញនូវវប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការដែលជាកត្តាសំខាន់ក្នុងការកសាងនិងអភិវឌ្ឍប្រកបដោយចីរភាព និងជាការចូលរួម ដើម្បីធ្វើឱ្យគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០សម្រេចតាមផែនការ។
យ៉ាងណាមិញ ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំ APPF លើកទី៣០នេះ សម្តេចពញាចក្រី ហេង សំរិន នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំគណៈកម្មការនយោបាយ និងសន្តិសុខ នៅថ្ងៃទី២៧ ខែតុលា នេះផងដែរ។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ក្នុងតំបន់ ជាពិសេស ការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។ មកដល់ពេលនេះវេទិកាសភាមួយនេះ មានសមាជិកចំនួន២៨ប្រទេស ដោយសភាកម្ពុជាបានចូលជាសមាជិក APPF នៅឆ្នាំ១៩៩៥ និងធ្លាប់បានធ្វើជាម្ចាស់កិច្ចប្រជុំ APPF លើកទី២៧ នៅខេត្តសៀមរាប កាលពីឆ្នាំ២០១៩៕ អត្ថបទ សេក ឧត្តម













