កាយសម្ព័ន្ធ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្ដេជ្ញាសម្រេចផែនការមេចុងក្រោយក្នុងការដណ្ដើមមេដាយមាស ១គ្រឿងឲ្យខានតែបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ បន្ទាប់ពីសហព័ន្ធទទួលបានជោគជ័យនូវគោលដៅធំៗពីរ គឺការដណ្ដើមបានមេដាយប្រាក់នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម និងការប្រកួតជើងឯកអាស៊ី នៅប្រទេសថៃកាលពីថ្មីៗ។
នេះបើតាមការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ គ្រាដែលសហព័ន្ធបានរៀបចំការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ។ លោកថា ការប្រកួតប្រចាំឆ្នាំនេះគឺជាផ្នែកមួយដ៏សំខាន់ នៃផែនការរបស់សហព័ន្ធក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ដោយសហព័ន្ធបានរៀបចំវិញ្ញាសាចំនួន ១៣ ដែលសុទ្ធសឹងជាវិញ្ញាសាស្ថិតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយ។
សូមបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលើកទី៦ ធ្វើឡើងរយៈពេល ១សប្ដាហ៍ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដោយមានកីឡាករ-កីឡាការិនីចំនួន ៦៤នាក់ចូលរួមមកពីខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ លើសពីនេះសហព័ន្ធក៏បានយកចិត្តទុកដាល់លើមន្ដ្រីបច្ចេកទេស ក៏ដូចជាអាជ្ញាកណ្ដាល-ចៅក្រមតាមរយៈការប្រកួតថ្នាក់ជាតិនេះ ដើម្បីត្រៀមលក្ខណៈចូលរួមរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា