បាល់ទាត់៖ ក្រុមជើងឯករង UEFA Champions League ហង្សក្រហម Liverpool បានកក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយហើយក្រោយយកឈ្នះនៅទឹកដី Ajax Amsterdam ៣-០។

Liverpool បានទុកស្ថិតិអាក្រក់នៅលីគក្នុងស្រុកមួយឡែក និងបើកការនាំមុខនៅទឹកដីហូឡង់នៅនាទីទី៤២ ដោយ Mohamed Salah។ វគ្គទី២ Liverpool កាន់តែលេងបានល្អជាងវគ្គទី១ ទៅទៀតតាមរយៈការគ្រប់គ្រងបាល់ និងបង្កើតឱកាសជាច្រើនរហូតរកបានពីរគ្រាប់បន្ថែមដោយ Darwin Nunez និង Harvey Elliott។ បីពិន្ទុនេះបានធានាឱ្យក្រុមរបស់លោក Jurgen Klopp ឡើងវគ្គ ១៦ក្រុមចុងក្រោយដោយមាន ១២ពិន្ទុពីការប្រកួត ៥លើក។

ងាកមកក្រុមនាំមុខគេក្នុងពូល A នេះ Napoli ដែលកក់កៅអីជុំបន្តទៅហើយនោះ មិនបង្អង់ដៃឡើយដោយបានយកឈ្នះក្រុមភ្ញៀវស្កុតឡេន Rangers ៣-០ ទៀត។ Giovanni Simeone រកបានពីរគ្រាប់ម្នាក់ឯង និង Leo Ostigard មួយគ្រាប់។ ជ័យជំនះនេះធ្វើឱ្យ Napoli ក្លាយជាក្រុមអ៊ីតាលីទី១ ដែលឈ្នះ ៥ប្រកួតដំបូងក្នុងពូលរាប់តាំងពីឆ្នាំ២០០៥ ដែលធ្វើបានដោយ Juventus៕
អត្ថបទ៖នាង សុភាវុធ