កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់អោយដឹងថា រដ្ឋបាលខេត្ត និងក្រុងកំពង់ឆ្នាំង បាន និងកំពុងសហការរៀបចំភ្លើងពណ៌ ការកែលម្អសួនច្បារ ការជួសជុលផ្លូវកៅស៊ូ កសាងផ្លូវបេតុងខ្វាត់ខ្វែង រៀបចំទីតាំងលេងទឹក(តំបន់ត្រជាក់) ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីផ្តល់ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកំសាន្ត។
ឯកឧត្តមបានបន្តថា ការរៀបចំតុបតែងលម្អក្រុងកំពង់ឆ្នាំង គឺមាន៥ទីតាំង ក្នុងនោះមាននៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល, សួនច្បារវិមានឯករាជ្យ និងសួនច្បារពុទ្ធិសែននាងកង្រី, សួនច្បារបាញ់ទឹកមុខសាលាខេត្តកំពង់ឆ្នាំង, សួនច្បារមាត់ទន្លេផ្សារក្រោម, និងកន្លែងកំសាន្តពីស្ពានថ្ម រហូតដល់វត្តយាយទេព(តំបន់ត្រជាក់) ទីតាំងកំសាន្តទាំង៥កន្លែងនេះ គឺត្រូវរៀបចំជាភ្លើងពណ៌លម្អគ្រប់ទីតាំង មានទាំងក្លោងទ្វាភ្លើងពណ៌ជាច្រើនកន្លែងតាមដងផ្លូវទៀតផង ។ ចំណែកផ្លូវមួយចំនួន មានផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរ និងជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនោះ គឺអាជ្ញាធរខេត្ត និងក្រុងកំពង់ឆ្នាំង បានជួសជុលកែលម្អជាបន្តបន្ទាប់ដោយមិនអោយប្រជាពលរដ្ឋរិះគន់នោះឡើយ ។ ចំពោះក្លោងទ្វាសម្រាប់ប្រារព្វពិធីប្រណាំងទូក អកអំបុក សំពះព្រះខែវិញ គឺបានធ្វើឡើងចំនួន២ទីតាំង គឺនៅមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងនៅចំណុចច្រមុះជ្រូកផ្លូវទៅសង្កាត់ខ្សាម ដោយបានតុបតែងជារចនាបទប្រពៃណីខ្មែរទាំងអស់។ នៅពីមុខវត្តលោកយាយទេពវិញ គឺត្រូវរៀបស្តង់លក់ដូរនូវទំនិញគ្រប់ប្រភេទ មានការប្រគុំតន្រ្តីរាំលេងកំសាន្ត ជូនដល់ប្រជាពលរដ្ឋបានសប្បាយក្នុងពិធីបុណ្យផងដែរ។ ដោយឡែកផ្សារលើ និងផ្សារឆ្នាំងវិញ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងលាងសម្អាតបានស្អាតល្អរួចហើយដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថា ដោយសារប្រទេសកម្ពុជាយើង មានសុខសន្តិភាពពេញលេញ សេដ្ឋកិច្ចប្រជាពលរដ្ឋបានធូរធារ បងប្អូនប្រជាពលរដ្ឋតែងតែរកកន្លែងកំសាន្តលេងអោយសប្បាយជាមួយក្រុមគ្រួសារ មិត្តភ័ក្រ ។ ដូចនេះ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ អនាម័យ សោភ័ណភាព ដោយឆ្លើយតបអោយបានទៅនឹងសេចក្តីត្រូវការរបស់ពួកគាត់៕ ហុង វាស្នា










