សូម៉ាលី៖ អង្គការសហប្រជាជាតិនិយាយថា ប្រជាជនជិត ១លាននាក់ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅក្នុងប្រទេសសូម៉ាលី ស្ថិតនៅក្នុងតំបន់ជាច្រើនក្រោមការគ្រប់គ្រង ឬឥទ្ធិពលរបស់ក្រុមជ្រុលនិយម al-Shabab ហើយអង្គការសហប្រជាជាតិបានអំពាវនាវ ដល់ក្រុមអ្នកប្រយុទ្ធអនុញ្ញាតឱ្យមានដំណើរការផ្នែកមនុស្សធម៌ ខណៈគ្រោះទុរ្ភិក្សគំរាមកំហែងប្រទេសនេះ។

តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសសូម៉ាលី លោក James Swan និយាយកាលពីថ្ងៃពុធថា ប្រជាជន ៩សែននៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុម al-Shabab ដែលបង្ហាញពីចំណែកតួចមួយនៃមនុស្សជាង ៧លាននាក់ដែលត្រូវការជំនួយ ខណៈប្រទេសនៅតំបន់អាហ្វ្រិកមួយនេះប្រឈមគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុត នៅក្នុងរយៈពេលជាច្រើនទសវត្សមកនេះបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់ រួមទាំងកុមារជាច្រើននាក់។ លោក James Swan និយាយថា វាពិតជាគួរឱ្យសោកស្ដាយ ដែលដំណើរការចូលនៃផ្នែកមនុស្សធម៌នៅតែពិបាកដោយសារតែក្រុមជ្រុលនិយម al-Shabab។
ការពិភាក្សានៅតែបន្តជាមួយអង្គការ និងអង្គភាពផ្នែកឯកជននៅប្រទេសសុម៉ាលី ដើម្បីអាចទៅដល់កន្លែងដែលគ្រប់គ្រង ឬស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រុមជ្រុលនិយម។ ការបង្កអរិភាពរបស់ក្រុម Al-Shabab ចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ ក្នុងអំឡុងពេលគ្រោះទុរ្ភិក្សនៅក្នុងប្រទេសសូម៉ាលីកាលពី ១ទសវត្សរ៍កន្លងទៅនេះ គឺជាកត្តាមួយបណ្តាលឲ្យមនុស្សមួយភាគបួនលាននាក់ស្លាប់។ អង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនបានព្រមានថា ប្រសិនបើគ្មានជំនួយពីអន្តរជាតិច្រើនបន្ថែមទៀតនោះទេ ការប្រកាសអំពីគ្រោះទុរ្ភិក្សជាផ្លូវការដ៏កម្រអាចត្រូវបានធ្វើឡើង សម្រាប់តំបន់មួយចំនួនរបស់ប្រទេសសូម៉ាលីនៅចុងឆ្នាំនេះ៕
អត្ថបទ៖ ប៊ុនថន