ស្នូកឃ័រ៖ កីឡាករស្នូកឃ័រ Alan McManus បានសំរេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករស្នូកឃ័រហើយ ក្រោយចាញ់ ៦-៣ហ្វ្រេមក្រោមស្នាដៃកីឡាករចិនវ័យ ១៨ឆ្នាំ Bai Langning ក្នុងវគ្គជំរុះជើងឯកពិភពលោក។

កីឡាករស្កុតឡេនរូបនេះ ធ្លាប់ឈ្នះជើងឯកធំបំផុតក្នុងអាជីពនៅឆ្នាំ១៩៩៤ នៅពេលយកឈ្នះមិត្តរួមជាតិស្កុតឡេន Stephen Hendry នៅពាន The Masters ៩-៨ហ្វ្រេមនៅវគ្គផ្ដាច់ព្រ័ត្រ ដែលជាការបញ្ចប់ជ័យជំនះជើងឯក Masters ៥ឆ្នាំជាប់គ្នារបស់ Stephen Hendry។ លោក Alan McManus វ័យ ៥០ឆ្នាំក៏ធ្លាប់ឈ្នះជើងឯក Dubai Classic និង Thailand Open ផងដែរអំឡុងទសវត្សរ៍ទី៩០ ក្នុងអាជីព ៣១ឆ្នាំ។
អតីតកីឡាករលំដាប់លេខ ៦ ពិភពលោក បេក្ខភាពជើងឯកពិភពលោកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៣លើកបានខកខានក្នុងការបង្ហាញខ្លួន នៅព្រឹត្តិការណ៍ជើងឯកពិភពលោកលើកទី២២ ក្នុងអាជីពដោយចាញ់កីឡាករវ័យក្មេងចិន ១៨ឆ្នាំក្នុងវគ្គជំរុះជុំទី២។ ការប្រកួតជើងឯកពិភពលោកឆ្នាំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមេសានេះ៕
អត្ថបទ៖នាង សុភាវុធ