ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទបានចំនួនប្រមាណ ២ ៩៣០ លានដុល្លារអាមេរិក សម្រេចបាន ១០៤ ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ ក្នុងរយៈពេលដើមឆ្នាំ មកដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២។
ប្រកាសព័ត៌មាន ស្តីពីវេទិកាពន្ធដារ សភាពាណិជ្ជកម្មអឺរ៉ុប ឆ្នាំ២០២២ ដែលសហការរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជានៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ បានបង្ហាញឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន គឺសរុបមកជិត ១០ឆ្នាំ អតិរេកក្នុងការប្រមូលចំណូលពន្ធ គឺមិនមែនមកពីការបន្ថែមបន្ទុកពន្ធ ទៅលើអ្នកជាប់ពន្ធនោះឡើយ ពោលគឺបានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការអនុវត្តកំណែទម្រង់ និងទំនើបកម្មពន្ធដារ ដោយមានអភិបាលកិច្ចល្អ គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់ និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ បង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្ដែពិបាកក្នុងការគេចវេះពន្ធ។
ចំពោះជោគជ័យនៃការប្រមូលចំណូលនេះដែរ គឺបណ្ដាលពីការខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកបដោយឆន្ទៈមោះមុត ភាពជឿជាក់ ស្មោះត្រង់ ក្លាហាន និងហ្មត់ចត់ ជាពិសេសក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានជោគជ័យ និងអនុវត្តនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ហើយបានសង្គ្រោះប្រជាជនកម្ពុជា និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ដែលជំរុញឱ្យប្រទេសកម្ពុជាអាចបើកដំណើរការប្រទេសឡើងវិញ កាលពីខែ វិច្ឆិកា ឆ្នាំ២០២១ នាពេលកន្លងមក។
តាមប្រកាសព័ត៌មាន បានបញ្ជាក់ថា ទោះបីជាក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ កំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ព្រមទាំងវិធានការបុរេសកម្មនានាបានជំរុញ និងធានាបាននូវនិរន្តរភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តកំណែទម្រង់ថែមទៀត ទន្ទឹមនឹងផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៣ គ្រោងនឹងកើនឡើង ធៀបនឹងឆ្នាំ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី
