ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៧ ខែតុលា បានបញ្ជូនសម្ភារៈគ្រឿងបំពាក់បំរើឲ្យការងារដោះមីនប្រមាណជិត ៧០គ្រឿង ទៅសាធារណរដ្ឋអាហ្រ្វឹកកណ្តាលបន្ថែមទៀតក្រោយពីមានស្នើសុំពីភាគីអង្គការសហប្រជាជាតិ UN និងមានកិច្ចព្រមព្រៀងរវាងកម្ពុជា និងUNរួចហើយ ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងម្លាំងរក្សាសន្តិភាព ថ្លែងថា សម្ភារគ្រឿងបំពាក់បំរើការងារដោះមីនដែលមានចំនួន៩ប្រភេទ សរុបជិត ៧០គ្រឿងទាំងនោះ គឺមានដូចជា រថយន្តហាំម័រ ១១គ្រឿង រថយន្ត Toyota, Nissan, Ford, រថយន្ត Kammas, រថយន្តធុនធំMpv – I, កុងតេណ័រ, រម៉ក, ស៊ីទែនទឹក និងសម្ភារបច្ចេកវិទ្យាទំនើបសម្រាប់បំពាក់រ៉ាវរកមីន កំទិចគ្រឿងផ្ទុះជាច្រើនកំប្លេទៀត។
ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បន្តថា បន្ទាប់ពីសម្ភារគ្រឿងបំពាក់ បញ្ជូនសម្ភារបំពាក់បំរើការឲ្យការងារដោះមីន បញ្ជូនទៅដល់សាធារណរដ្ឋអាហ្រ្វិកកណ្តាលរួចហើយ ក្រសួងការពារជាតិ នឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពUNពីកម្ពុជា ៩៨រូបបន្ថែមទៀត ទៅកាន់សាធារណរដ្ឋអាហ្វ្រឹកកណ្តាលនៅពេលឆាប់ៗនេះ។
លោកស្រីវរៈសេនីយឯក គឹម ប៊ុនរ៉ានី ក្នុងនាមមេបញ្ជាការកងកម្ទេចគ្រឿងផ្ទុះEOD ដែលមានកងកម្លាំងសរុប៩៨រូបនេះ បានត្រៀមខ្លួន និងបានបង្ហាញការប្តេជ្ញាចិត្តបំពេញបេសកកម្មរក្សាសន្តិភាពការងារដោះមីន ផ្តល់ដីសុវត្ថិភាពជូនប្រជាជនអាហ្វ្រឹកកណ្តាល។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានកងកម្លាំងមួកខៀវចំនួន ២១៩នាក់បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពUN នៅសាធារណៈរដ្ឋអាហ្រឹ្វកកណ្តាល ។
ក្រៅពីនេះកងកម្លាំងកម្ពុជា ក៏នឹងបង្កើនរៀបចំសង់ទីតាំងចត្តាឡីស័ក ស្ថាបនារបងបន្ទាយ, ស្តារប្រឡាយ រាយបន្លាលួសព័ទ្ធជុំវិញទីបញ្ជាការUN នៅតំបន់អូបូ តំបន់ហ្សេមីញូ ព្រមទាំងចុះខួងអណ្តូង និងផលិតទឹកស្អាតចែកជូនពលរដ្ឋ និងបន្ទាយអង្គភាពទ័ពមួកខៀវមកពីប្រទេសផ្សេងៗផងដែរ៕ អត្ថបទ ស៊ុម សុខជា