បាល់ទាត់៖ ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិបារាំង Raphael Varane នឹងបន្តអវត្តមានពីក្រុមបិសាចក្រហម Manchester United ដល់ World Cup ខណៈ Cristiano Ronaldo ត្រលប់មកហ្វឹកហាត់វិញ និងស្ថិតក្នុងបញ្ជីឈ្មោះត្រៀមប្រកួតរាត្រីនៅក្របខណ្ឌ UEFA Europa League។
Raphael Varane បានទទួលរងរបួសជើងអំឡុងការប្រកួតដែល Manchester United ស្មើនៅទឹកដី Chelsea សប្តាហ៍មុន ខណៈ Ronaldo ត្រូវបានលោក Erik ten Hag កាត់ឈ្មោះចេញ។ លោក Erik ten Hag បានបញ្ជាក់ពីស្ថានភាពរបួសរបស់ Varane ថា កីឡាករបារាំងរូបនេះនឹងមិនអាចចូលបានឡើយក្នុងរយៈពេលនេះដល់ World Cup តែជុំវិញសំណួរថា តើគេអាចមានមុខនៅ World Cup រឺអត់គឺត្រូវចាំមើលស្ថានភាពវិវឌ្ឍនៃការជាសះស្បើយជាក់ស្តែង។ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានទទួលរងរបួសនេះនៅពេលដណ្តើមបាល់ជាមួយ Aubameyang។
ងាកមក Cristiano Ronaldo វិញស្ថានភាពហាក់បានប្រសើរឡើងវិញ បន្ទាប់ពីសប្តាហ៍នៃភាពតានតឹងកន្លងមក។ កីឡាករវ័យ ៣៧រូបនេះក្រោយមកក៏បានសុំទោសនូវសកម្មភាពរបស់ខ្លួន និងមិនបន្ទោសអ្នកណាទាំងអស់ តែបន្ទោសទៅលើបរិយាសកាសជុំវិញខ្លួនដែលឈានការធ្វើទង្វើបែបនេះ។ រំលឹកថា កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានបដិសេធមិនផ្លាស់ប្តូរចូលនៅចុងម៉ោងពេល Manchester United យកឈ្នះ Tottenham Hotspur កាលពីថ្ងៃពុធសប្តាហ៍មុន ហើយក្រោយមកក៏ត្រូវបានដកឈ្មោះពីបញ្ជីក្រុមពេលស្មើនៅទឹកដី Chelsea កាលពីថ្ងៃសៅរ៍។ Ronaldo ត្រូវបានគេរំពឹងថានឹងចូលលេងវិញពេល Manchester United ទទួល Sheriff Tiraspol នៅថ្ងៃព្រហស្បតិ៍នេះនៃក្របខណ្ឌ UEFA Europa League៕
អត្ថបទ៖នាង សុភាវុធ