ឥណ្ឌា៖ យោងតាមទិន្នន័យបញ្ចេញដោយក្រសួងសុខាភិបាល បានបង្ហាញនៅថ្ងៃច័ន្ទនេះថា ប្រទេសឥណ្ឌាបានរាយការណ៍ករណីឆ្លងជំងឺ COVID-19 ខ្ពស់បំផុតទាំងយប់អាធ្រាត្រចំនួន ១៦៨,៩១២នាក់លើសប្រទេសប្រេស៊ីល ដោយបានក្លាយជាប្រទេសរងគ្រោះខ្លាំងបំផុតទី២ លើពិភពលោកដោយសារវីរុសកូរ៉ូណា។

ចំនួនករណីឆ្លងជំងឺ COVID-19 សរុបបានឡើងដល់ជាង ១៣លាន ៥៣ម៉ឺននាក់ ខ្ពស់ជាងប្រេស៊ីលដែលមានត្រឹម ១៣លាន ៤៥ម៉ឺននាក់ នេះបើយោងតាមទិន្នន័យចងក្រងដោយសារព័ត៌មាន Reuters។ សហរដ្ឋអាមេរិកបាននាំមុខពិភពលោក ដោយមានករណីឆ្លងចំនួន ៣១លាន ២សែននាក់។ ទិន្នន័យបង្ហាញថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅឥណ្ឌាបានឡើងដល់ ៩០៤នាក់ ដែលនាំឲ្យមនុស្សស្លាប់សរុបកើនឡើងដល់ ១៧០,១៧៩នាក់៕
អត្ថបទ៖ សុខមាន