អាមេរិក៖ ប្រមុខការទូតសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ប្រទេសចិនបានកែប្រែការយោគយល់គ្នាដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយ រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងក្នុងការដោះស្រាយបញ្ហានានាទាក់ទងនឹងឋានៈរបស់កោះតៃវ៉ាន់ ហើយពេលនេះកំពុងប្រកាន់ជំហរលើលទ្ធភាពក្នុងការប្រើកម្លាំងក្រសោបយកកោះនេះ។
លោក Blinken បាននិយាយកាលពីថ្ងៃពុធនៅឯព្រឹត្តិការណ៍មួយរៀបចំដោយសារព័ត៌មាន Bloomberg ថា ប្រទេសចិនបានសម្រេចចិត្តដាក់សម្ពាធបន្ថែមលើកោះតៃវ៉ាន់ រួមទាំងលទ្ធភាពនៃការប្រើកម្លាំងដើម្បីសម្រេចគោលដៅរបស់ពួកគេ។ លោក Blinken និយាយថា ស្ថានភាពជាក់ស្ដែងរយៈពេល ៤០ឆ្នាំមកនេះដែលសហរដ្ឋអាមេរិកទទួលស្គាល់ទីក្រុងប៉េកាំង ក្រោមគោលនយោបាយចិនតែមួយ និងបានផ្ដល់អាវុធឲ្យទៅកោះតៃវ៉ាន់សម្រាប់ការពារខ្លួនផងដែរនោះ បានជួយក្នុងការធានាបានថានឹងពុំមានជម្លោះរវាងសហរដ្ឋអាមេរិក និងចិនជុំវិញកោះតៃវ៉ាន់ទេ។
ប្រមុខការបរទេសអាមេរិករូបនេះនិយាយថា អ្វីដែលជាការផ្លាស់ប្ដូរចំពោះគោលជំហរនេះគឺការសម្រេចដោយរដ្ឋាភិបាលនៅក្នុងទីក្រុងប៉េកាំង ដែលថាស្ថានភាពជាក់ស្ដែងនេះលែងទទួលយកបានទៀតហើយ ពួកគេចង់ពន្លឿនដំណើរការដែលពួកគេព្យាយាមស្វែងរកការជុំជាតិឡើងវិញ។ លោកថា ទីក្រុងវ៉ាស៊ីនតោនមិនចង់បានសង្គ្រាមត្រជាក់ទេ ហើយក៏មិនបានព្យាយាមទប់ស្កាត់ចិនដែរ ប៉ុន្តែសហរដ្ឋអាមេរិកនឹងដោះស្រាយក្នុងការការពារផលប្រយោជន៍របស់ខ្លួន៕
អត្ថបទ៖ សុខមាន