ភ្នំពេញ ៖ Visal នៅបន្តចែករំលែកកម្មវិធីសិក្សារលើជំនាញអាជីវកម្មជាក់ស្តែង Practical Business Skills ផ្តល់ជូនការអប់រំទាក់ទងនឹងជំនាញអាជីវកម្មដោយឥតគិតថ្លៃ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចបង្កើតអាជីវកម្មដែលរឹងមាំ និងអាចដំណើរការបានជាលក្ខណៈឌីជីថលនៅក្នុងបរិបទជំងឺកូវីដ-១៩។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា៖ អាជីវកម្មខ្នាតតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង វាមានសារៈសំខាន់ណាស់ ក្នុងការបំពាក់បំប៉ននូវចំណេះដឹង និងជំនាញដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ។ «កម្មវិធី Practical Business Skills គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ Visa ក្នុងការផ្តល់នូវធនធាន និងចំណេះដឹង ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចដែលមាននិរន្តភាព និងសមធម៌ សំរាប់សហគ្រិន អាជីវកម្ម និងសហគមន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកផងដែរ។
លោកស្រីបន្តទៀតថា៖ កម្មវិធី «Practical Business Skills » ត្រូវបានបង្កើតឡើងដោយផ្អែកលើជំនាញ សកលរបស់ក្រុមហ៊ុន Visa ក្នុងការអប់រំទាក់ទងទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងវិធីសាស្ត្របណ្តុះផ្នត់គំនិតសហគ្រិនក្នុងការអភិវឌ្ឍអាជីវកម្ម មធ្យោបាយក្នុងការចាប់ផ្តើម គ្រប់គ្រង និងពង្រីកអាជីវកម្មជាដើម។ ដើម្បីឆ្លើយតបទៅនឹងតំរូវការនៅដំណាក់កាលផ្សេងៗគ្នានៃដំណើរអាជីវកម្ម កម្មវិធីនេះមានជាគំរូមេរៀនតាមអ៊ិនធើណេតរហូតដល់ ៥០មេរៀន ដែលទាក់ទងទៅនឹង ៖
១ការចាប់ផ្តើមអាជីវកម្ម៖ ផ្តល់នូវគន្លឹះសម្រាប់អ្នកចង់ក្លាយជាសហគ្រិន ដើម្បីអាចស្វែងយល់ នឹង វាយតម្លៃពីដំណាក់កាលពាក់ព័ន្ធទៅនឹងការបើកអាជីវកម្ម ការស្វែងរកហិរញ្ញប្បទាន ការប្រកបអាជីវកម្ម និងការធ្វើទីផ្សារជាដើម ។
២ការគ្រប់គ្រងអាជីវកម្ម៖ ផ្តល់ជាព័ត៌មានអំពីការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ គំរូសម្រាប់ការវិភាគហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ព្រមទាំងគន្លឹះ និងយុទ្ធសាស្រ្តដើម្បីជម្រុញការលក់។
៣ការបង្កើត និងការអភិវឌ្ឍន៍អាជីវកម្ម៖ មានជាវិធីសាស្រ្តស្តីអំពីរបៀបក្នុងការជម្រុញ អាជីវកម្មអោយទទួលបានប្រាក់ចំណេញ និងជោគជ័យយូរអង្វែង។ កម្មវិធី «Practical Business Skills » មានមេរៀនជាច្រើនសម្រាប់ ម្ចាស់អាជីវកម្មខ្នាតតូចនិងខ្នាតមធ្យម ដើម្បីពិនិត្យមើលឯកសារទាំងអស់ សូមចូលទៅកាន់តំណគេហទំព័រ៖ www.practicalbusinessskills.org ។
សូមបញ្ជាក់ថា ៖ ក្រុមហ៊ុន Visa បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវធនធានដែលអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូច និងមធ្យមអាចរីកចម្រើននិងងើបឡើងវិញពីវិបត្តិ COVID-19។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលមានចំនួនទីតាំងពាណិជ្ជកម្មស្ទើតែ ៧០លានកន្លែងនៅជុំវិញពិភពលោក អាទិភាពរបស់ក្រុមហ៊ុន Visa គឺធ្វើយ៉ាងណាជួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមអោយរីកចម្រើននៅគ្រប់ជំហាន។ អត្តបទ ៖ គង់ រ៉េន


