ភ្នំពេញ៖ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តេីមដំណេីរការនៃការរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ"ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២"ស្ថិតនៅអគារមជ្ឈមណ្ឌលតាំងពិព័រណ៌កោះពេជ្រ។
ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ រៀបចំឡេីងដើម្បីផ្តល់នូវទីកន្លែងជួបជុំគ្នាដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។ ជាក់ស្តែង ក្នុងឆ្នាំ២០២២នេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ហើយរំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ ៣ ម៉ឺននាក់។ ពិព័រណ៍នេះធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃសុក្រ-សៅរ៍ ទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។
ពិព័រណ៍ការងារមួយនេះ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារ ដែលមាន លក្ខណៈប្រមូលផ្តុំ នូវព័ត៌មាននិងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ទីភ្នាក់ងារមុខរបរនិងការងារ (NEA)។
គោលបំណងសំខាន់បំផុតនៃកម្មវិធីនេះដែរ គឺការនាំឱ្យកាន់តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារដែលមានសមត្ថភាព នៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ, ដាក់ពាក្យសុំការងារដែលខ្លួនចូលចិត្ត, ទទួលបានការប្រឹក្សាយោបល់អាជីព, ការត្រៀមខ្លួនចូលការងារយ៉ាងសកម្មផុលផុស និងការស្វែងយល់ពីការបង្កើនផលិតភាព៕








