រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានថា ពិភពលោកប្រឈមនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២ មក។ នៅក្នុងសុន្ទរកថាដ៏វែងមួយកាលពីថ្ងៃព្រហស្បតិ៍ លោកបានព្យាយាមស្វែងរកយុត្តិធម៌សម្រាប់ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ជាទង្វើមួយដែលធ្វើឲ្យប្រទេសរបស់លោកនៅឯកាពីពិភពលោក។
លោក Putin ក៏បានចោទប្រកាន់លោកខាងលិចផងដែរ ពីបទគំរាមកំហែងដោយនុយក្លេអ៊ែរលើរុស្ស៊ី បង្ខំឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនងាកចេញពីទីក្រុង Moscow។ លោកខាងលិចបានខឹងសម្បារទៅនឹងការគំរាមកំហែង ដោយនុយក្លេអ៊ែរនាពេលថ្មីៗដោយវិមានក្រឹមឡាំង។ កាលពីដើមសប្ដាហ៍នេះ សម្ព័ន្ធយោធាណាតូបានថ្កោលទោសការអះអាង ដោយគ្មានមូលដ្ឋានដោយរុស្ស៊ីដែលថា អ៊ុយក្រែនអាចប្រើគ្រាប់បែកផ្ទុកសារធាតុវិទ្យុសកម្ម រួមជាមួយអាវុធផលិតពីជាតិវិទ្យុសកម្ម។ អគ្គលេខាធិការអង្គការសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg បាននិយាយថា សមាជិកសម្ព័ន្ធមិត្តទាំងអស់បានច្រានចោលការចោទប្រកាន់ ហើយថា រុស្ស៊ីមិនត្រូវប្រើការចោទប្រកាន់នេះជាលេសពង្រីកសង្គ្រាមឡើយ។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ លោក Vladimir Putin បានអះអាងថា រុស្ស៊ីបានព្យាយាមកសាងទំនាក់ទំនងជាមួយសម្ព័ន្ធណាតូ ប៉ុន្តែបានទទួលការឆ្លើយតបមកវិញអវិជ្ជមាន ក្នុងការធ្វើសហប្រតិបត្តិការដ៏សំខាន់។ ក្នុងសន្ទរកថាដ៏វែងនៅឯសន្និសីទនៃក្រុមអ្នកជំនាញគោលនយោបាយអន្តរជាតិ លោក Putin បាននិយាយថា រុស្ស៊ីមានសារមួយជូនដល់បណ្ដាប្រទេសធំៗរបស់លោកខាងលិច និងណាតូគឺសូមបញ្ឈប់ការចងសត្រូវ សូមរស់នៅជាមួយគ្នាទៅ៕
អត្ថបទ៖ សុខមាន