រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានច្រានចោលចេតនាណាមួយ នៃការប្រើអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានហៅជម្លោះនោះថាមានចំណែកនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីដណ្ដើមឥទ្ធិពលសកលលោករបស់ខ្លួន ដែលលោកបានទទូចថាត្រូវបានឈានទៅរកការបរាជ័យ។

ថ្លែងនៅឯសន្និសីទនៃក្រុមអ្នកជំនាញគោលនយោបាយបរទេសអន្តរជាតិ លោក Putin បាននិយាយថា វាគ្មានប្រយោជន៍ទេ ដែលរុស្ស៊ីត្រូវវាយប្រហារអ៊ុយក្រែនដោយអាវុធនុយក្លេអ៊ែរ។ លោកថា យើងមើលមិនឃើញពីភាពចាំបាច់ដែលត្រូវប្រើនុយក្លេអ៊ែរនោះទេ។ ពុំមានគំនិតត្រូវប្រើនោះទេ មិនថាខាងនយោបាយ មិនថាខាងយោធា។ លោក Putin បាននិយាយថា ការព្រមានកាលពីពេលថ្មីៗនៃការត្រៀមខ្លួនរបស់លោក ក្នុងការប្រើគ្រប់មធ្យោបាយទាំងអស់ដែលអាចធ្វើទៅបានគឺដើម្បីការពាររុស្ស៊ី មិនមែនសំដៅលើការវាយប្រហារនុយក្លេអ៊ែរនោះទេ ប៉ុន្តែគ្រាន់តែជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកខាងលិច អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ពួកគេដែលអាចកើតឡើង។
លោកក៏បានរម្លឹកឡើងវិញពីសម្ដីរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss ផងដែរដោយបញ្ជាក់ថា ក្មេងស្រីម្នាក់នេះនៅក្មេងខ្ចីពេក ខ្វះការពិចារណាលើជំហរលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់ចក្រភពអង់គ្លេស៕
អត្ថបទ៖ សុខមាន