ភ្នំពេញ៖ ដើម្បីចូលរួមអបអរទិវា៨ ឧសភា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី១២ ខែមេសានេះ មានសប្បុរសជនចំនួនពីរផ្សេងគ្នា បានចូលរួមផ្តល់ជំនួយសប្បុរសធម៌ ដល់កាកបាទក្រហមកម្ពុជា ទី១ក្រុមហ៊ុនស្រាបៀរ GANZBERG បានឧបត្ថម្ភរថយន្ត FORD Pickup ១គ្រឿង និងអង្ករ ៥០តោន, ទី២ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ម៉ាស់៥ពាន់ (ស្មើនឹង១០០ប្រអប់) និងអាល់កុល ២.១០០លីត្រ (ស្មើនឹង៧០ពីដុង) ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ឧសភា ២០២១។ ដែលពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅអាគារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
នៅក្នុងឱកាសទទួលជំនួយពីសប្បុរសជននោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់ជំនួយទាំងពីរខាងលើ ដែលបានចូលរួមឧបត្ថម្ភ នូវអំណោយយ៉ាងច្រើន ដល់កាកបាទក្រហមកម្ពុជា។ ដើម្បីជាការអបអរទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ”។
ម្ចាស់ជំនួយទាំងពីរខាងលើ សូមថ្លែងអំណរគុណដល់ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ឱកាសដល់ក្រុមហ៊ុន បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រយុទ្ធជាមួយ និងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និង សាកលលោក។
លោកជំទាវអគ្គលេខាធិការ បានឱ្យដឹងទៀតថា អំណោយទាំងអស់ខាងលើនេះ គឺជាសក្ខីភាពមួយ នៃទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន បើទោះបីជាស្ថិតក្នុងគ្រាដ៏លំបាក ដែលយើងទាំងអស់គ្នាបាននឹងកំពុងប្រឈមជាមួយនិងជំងឺរាតត្បាតសកលកូវីដ-១៩ក៏ដោយ ក៏សប្បុរសជនគ្រប់មជ្ឈដ្ឋាន គ្រប់ទិសទី នៅតែបន្តឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លា ដែលនេះគឺជាការបង្ហាញពីស្មារតី វប្បធម៌ នៃការចែករំលែកដល់កាកបាទក្រហមកម្ពុជា។ ដើម្បីសមាគមជាតិ បានបន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ ដោយមិនមានការរើសអើង ពូជសាសន៍ ជំនឿ សាសនា និងប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះដែរ លោកជំទាវ ក៏មិនភ្លេចទេនូវសារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នូវពាក្យថា៣កុំ និង ៣ការពារ និងសូមឱ្យប្រជាពលរដ្ឋចូលរួម អនុវត្តវិធានការចត្តាឡីស័ក ឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួច ដើម្បីទប់ស្កាត់ និងការកាត់ផ្តាច់ចរន្ត នៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍៕ អត្ថបទ៖ សំ ងីម





