បាល់ទាត់៖ ការប្រកួតពានរង្វាន់ Spanish Super Cup នឹងរៀបចំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតសាជាថ្មីនៅខែមករា ឆ្នាំ២០២៣ ខាងមុខ នេះបើសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
រដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនឹងទទួលស្វាគមន៍ក្លិបអេស្ប៉ាញចំនួន ៤ រួមមាន Real Madrid, Valencia, Real Betis និង Barcelona ក្នុងការប្រកួតដណ្តើមជើងឯក។ នេះជាលើកទី៣ ហើយដែលអារ៉ាប៊ីសាអ៊ូឌីតទទួលរៀបចំការប្រកួតពានរង្វាន់ Spanish Super Cup នេះក្រោមកិច្ចព្រមព្រៀងដែលមានរយៈពេលដល់ឆ្នាំ២០២៩។ Real Madrid គឺជាក្រុមការពារតំណែងជើងឯកបន្ទាប់ពីយកឈ្នះ Athletic Bilbao ២-០ កាលពីដើមឆ្នាំ២០២២ នេះ។ Real Madrid នឹងត្រូវជួបជាមួយ Valencia ខណៈ Real Betis ជួប Barcelona ដើម្បីរកក្រុមឡើងវគ្គផ្តាច់ព្រ័ត្រដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕
អត្ថបទ៖នាង សុភាវុធ