UN៖ ប្រធានឃ្លាំមើលនុយក្លេអ៊ែរ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA របស់អង្គការសហប្រជាជាតិបាននិយាយថា ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើលទ្ធភាពដែលកូរ៉េខាងជើងអាចបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរ។

ក្រុមមន្ត្រីនៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមានជាច្រើនខែមកហើយថា ទីក្រុងព្យុងយ៉ាងកំពុងត្រៀមសាកល្បងនុយក្លេអ៊ែរបន្ទាប់ពីបានផ្អាករយៈពេល ៥ឆ្នាំ ជាសញ្ញាមួយបង្ហាញថា កូរ៉េខាងជើងកំពុងបង្កើនការផលិតអាវុធទំនើបៗមានសមត្ថភាពខ្លាំង។ លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកគ្រប់គ្នាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ណាស់ចំពោះបញ្ហានេះ ព្រោះការសាកល្បងអាវុធនុយក្លេអ៊ែរណាមួយនឹងក្លាយជាការបញ្ជាក់កាន់តែច្បាស់ ពីកម្មវិធីដែលកំពុងបោះជំហានទៅមុខពេញទំហឹង តាមរបៀបមិនគួរឲ្យជឿ និងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។ លោក Grossi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសាកល្បងបន្ថែមទៀតមានន័យថា ពួកគេកំពុងត្រៀម និងបង្កើនឃ្លាំងអាវុធរបស់ខ្លួន៕
អត្ថបទ៖ សុខមាន