កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចេញលិខិតថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ ចុះជួបមន្ត្រីរាជការ កងកម្លាំង និងជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកទន្លេសាបចំនួន ៣៤៦០គ្រួសារ នៅខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា : តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ប្រជាពលរដ្ឋក្នុងខេត្ត កំពង់ឆ្នាំង និងក្នុងនាមរូបឯកឧត្តមផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេចតជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ អាវុធសរុបចំនួន ១ ៤១១នាក់ និងផ្ដល់អនុសាសន៍ដឹកនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងទាំងមូល ព្រមទាំងបានឧបត្ថម្ភថវិកា ដល់រដ្ឋបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីសរុបចំនួន ១៥៣,៦០លានរៀល និងបានផ្ដល់ពូជស្រូវចំនួន ៣៤៦តោន អង្ករចំនួន ១៧៣តោន ត្រីខចំនួន ៣ ៤៦០កេសធំ មីជាតិចំនួន ៣៤៦០កេសធំ និងថវិកាចំនួន ៦៩២លានរៀល ជូនប្រជាកសិករចំនួន ៣ ៤៦០គ្រួសារ ស្ថិតក្នុងស្រុកបរិបូណ៌ ស្រុករលាប្អៀរ ស្រុកជលគិរី ស្រុកកំពង់ត្រឡាច និងស្រុកកំពង់លែង សរុបចំនួន ២៥ឃុំ ១២៥ភូមិ ដែលរងការខូចខាតដំណាំស្រូវដោយទឹកជំនន់ និងមានតម្រូវការស្ដារឡើងវិញ ជាពិសេសបានផ្តល់បន្ថែមដល់រដ្ឋបាលខេត្ត នូវអង្ករចំនួន ៣០០តោន ដើម្បីទុកបម្រុងសម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតបន្តទៀត ៕ ហុង វាស្នា






