UN៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសអ៊ីរ៉ង់និយាយថា បច្ចុប្បន្នប្រទេសអ៊ីរ៉ង់ស្ថិតក្នុងភាពចលាចលដោយសារតែការស្លាប់របស់នាង Mahsa Amini អាយុ 22ឆ្នាំបន្ទាប់ពីការឃុំខ្លួននាងដោយនគរបាលសីលធម៌របស់ប្រទេស។

លោក Javaid Rehman និយាយថា មានមនុស្សយ៉ាងហោចណាស់ 250នាក់បានស្លាប់នៅក្នុងភាពចលាចលចាប់តាំងពីការស្លាប់របស់នាង Amini។ លោក Rehman បាននិយាយថា យ៉ាងហោចណាស់ 27នាក់នៃអ្នកស្លាប់គឺជាកុមារ។ លោកបានអំពាវនាវឱ្យមានយន្តការស៊ើបអង្កេតជាអន្តរជាតិ ដែលត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតការឆ្លើយតបរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ចំពោះការតវ៉ាជាច្រើនដែលបានកើតឡើង។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានអនុវត្តគោលនយោបាយអស្ថិរភាពផ្តោតលើប្រទេសរបស់លោក ខណៈក្រុមបាតុករអ៊ីរ៉ង់បានបន្តអំពាវនាវឱ្យមានការដួលរលំមេដឹកនាំរបស់ខ្លួន ទោះបីជាមានការបង្ក្រាបដោយហិង្សាក៏ដោយ។ ជាមួយគ្នានេះប្រធានាធិបតីលោក Ebrahim Raisi បានច្រានចោលម្តងហើយម្តងទៀតនូវភាពវឹកវរ ដែលបង្កឡើងដោយការស្លាប់របស់នាង Amini ថា ជាផែនការរបស់ប្រទេសលោកខាងលិច៕
អត្ថបទ៖ ប៊ុនថន