បាល់ទាត់៖ គ្រូបង្វឹកក្រុមជំរើសជាតិវៀតណាមដែលជោគជ័យបំផុតលោក Park Hang-seo បានប្រកាសកាលពីសប្តាហ៍មុនពីគម្រោងចាកចេញពីតំណែង នៅក្រោយចប់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Championship។
ជាមួយនឹងការចាកចេញនេះ និយាយក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន CBS របស់កូរ៉េលោក Park បានបង្ហើបថា លោកនឹងអាចដឹកនាំក្រុមផ្សេងៗ តែមិនមែនក្លិបនៅវៀតណាម រឺកូរ៉េខាងឡើយ។ លោកបានបន្តថា នេះគ្រាន់តែជាគំរោងនៃការគិតរបស់លោកប៉ុណ្ណោះ តែបច្ចុប្បន្នគ្មានផែនការជាក់លាក់ បន្ទាប់ពីចាកចេញពីក្រុមវៀតណាមនោះឡើយ ពោលគឺផ្តោតអារម្មណ៍ដឹកនាំក្រុមជម្រើសជាតិវៀតណាម ឱ្យជោគជ័យនៅព្រឹត្តិការណ៍ AFF Championship សិន។
គ្រូបង្វឹកសញ្ជាតិកូរ៉េរូបនេះបានដឹកនាំក្រុមជម្រើសជាតិវៀតណាមលើកពាន AFF Championship ឆ្នាំ២០១៨, ឡើងវគ្គ ៨ក្រុមចុងក្រោយ AFC Asian Cup ២០១៩ និងដឹកនាំក្រុមវៀតណាមឡើងដល់ជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អាស៊ីជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។ លោក Park Hang-seo ដែលជាគ្រូបង្វឹកដែលមានប្រជាប្រិយភាពមួយនៅវៀតណាមនោះ ក៏បានដឹកនាំវៀតណាមឈ្នះមេដាយមាសស៊ីហ្គេម ២លើកផងដែរក្នុងការដឹកនាំក្រុមអាយុក្រោម ២៣ឆ្នាំ។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Championship ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែធ្នូបញ្ចប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣៕
អត្ថបទ៖នាង សុភាវុធ