កណ្ដាល៖ ក្នុងកាលៈទេសៈនេះ តាមភូមិ-ឃុំទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានដាក់ចេញនូវវិធានការផ្ទាល់ខ្លួន ដោយមិនអនុញ្ញាតឱ្យអ្នកមកពីខាងក្រៅ ចេញចូលក្នុងមូលដ្ឋានរបស់ខ្លួនដោយសេរីនោះទេ។ ការដាក់ចេញវិធានការបែបនេះ គឺដើម្បីការពារការនាំជំងឺពីខាងក្រៅចូលមកក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន។
ជុំវិញការដាក់ចេញវិធានការផ្សេងៗនិងបន្ទាន់នាពេលនេះ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង លើកឡើងថា វាជាវិធានការមានប្រសិទ្ធភាពដែលអាចជួយគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បានល្អ ស្របពេលដែលទីតាំងស្រុកកណ្ដាលស្ទឹងជាទីតាំងប្រឈមអាចមានការឆ្លងជំងឺកូវីដ-១៩មកពីរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ចំពោះវិធានការទាំងនេះ គឺនឹងបន្តអនុវត្តរហូតដល់ការបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាការមើលឃើញផ្ទាល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងនាពេលនេះ គឺមានការយល់ដឹងនិងការប្រុងប្រយ័ត្នខ្ពស់ ដោយពួកគាត់មានការពាក់ម៉ាសការពារបានត្រឹមត្រូវនៅពេលធ្វើដំណើរទៅកាន់ទីតាំងនីមួយៗ។ ជុំវិញការហាមប្រាមមិនឱ្យអ្នកខាងក្រៅចេញចូលតាមមូលដ្ឋាននេះ ប្រជាពលរដ្ឋរស់នៅឃុំអន្លង់រមៀត ក៏បានបង្ហាញការគាំទ្រផងដែរ។ ពួកគាត់ក៏សំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូបជាពិសេសក្នុងឱកាសឈប់សំរាកចូលឆ្នាំខ្មែរខាងមុខនេះ មិនត្រូវធ្វើដំណើរចល័ត រឺជួបជុំគ្នានោះទេ ជាពិសេសត្រូវបន្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន។
បច្ចុប្បន្នភាពក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង មានករណីឆ្លងជំងឺកូវីដ-១៩ សរុប ៤ករណី ស្លាប់មួយករណី និងមានអ្នកប៉ះពាល់ផ្ទាល់ដែលបានធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួតចំនួន ១០៣នាក់ និងមានការធ្វើចត្តាឡីស័កនៅតាមផ្ទះសម្រាប់គ្រួសារដែលប៉ះពាល់ប្រយោលចំនួន ១២៧ គ្រួសារផងដែរ៕ អត្ថបទ៖ គឹម ហុក