ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការ Water Aid កម្ពុជា បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលដល់សមាជិកបណ្ដាញអ្នកសារព័ត៌មានទឹកស្អាត និងអនាម័យ ស្ដីពីទឹកស្អាត អនាម័យ ធននឹងអាកាសធាតុប្រកបដោយសមធម៌ និងបរិយាបន្ន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីមន្រ្តីជំនាញនៃក្រសួងអភិវឌ្ឍន៍ចនបទ និងអង្គការ Water Aid កម្ពុជា ព្រមទាំងសមាជិកបណ្ដាអ្នកសារព័ត៌មានទឹកស្អាត និងអនាម័យ មកពីអង្គភាពសារព័ត៌មាន ១០ស្ថាប័ន និងក្រុមយុវជនស្ម័គ្រចិត្តលើកកម្ពស់ទឹកស្អាត និងអនាម័យ សរុបទាំងអស់ចំនួន ៤០ នាក់។
វគ្គបណ្ដុះបណ្ដាលនេះមានគោលដៅសំខាន់ បង្កើតជាវេទិកាជជែក និងផ្ដល់ចំណេះដឹងអំពី បញ្ហាទឹកស្អាត និងអនាម័យ ធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយបរិយាបន្ន ដល់យុវជន និងអ្នកសារព័ត៌មាន ព្រមទាំងជំរុញការចងក្រងសាច់រឿងឱ្យកាន់តែទូលំទូលាយអំពីបញ្ហាទឹកស្អាត និងអនាម័យ ពីជនងាយរងគ្រោះ និងស្ថានភាពអនាម័យនៅក្នុងតំបន់ប្រឈម។ បន្ថែមពីលើការបណ្ដុះបណ្ដាល និងបញ្ជ្រាបចំណេះដឹង និងព័ត៌មាន អំពីការប្រែប្រួលអាកាសធាតុ ទឹកស្អាត និងអនាម័យ នៅក្នុងវេទិកានេះក៏បានលើកយកការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកលើប្រធានបទខាងលើនេះ។
គួរជម្រាបថា វគ្គចែករំលែកបទពិសោធន៍ស្តីពីការប្រែប្រួលអាកាសធាតុ ទឹកស្អាតនិងអនាម័យ ប្រកបដោយបរិយាប័ន្នសម្រាប់អ្នកសារព័ត៌មាន គាំទ្រដោយ ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការ Water Aid កម្ពុជា ។ បន្ទាប់មកអ្នកចូលរួមនឹងមានឱកាសដើម្បីផលិតព័ត៌មាន ឬចងក្រងបទយកការណ៍ ដើម្បីលើកកម្ពស់បញ្ហាទឹកស្អាត និងអនាម័យធន់នឹងអាកាសធាតុប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងមានឱកាសប្រកួតប្រជែងទទួលយកពានរង្វាន់ផងដែរ៕ អត្ថបទ ៖ សុជាតា









