ភ្នំពេញ៖ គិតត្រឹមបច្ចុប្បន្នភាពនេះ អង្គការសរុបចំនួន ១៣៤អង្គការ បានចុះ MOUជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងបានបំពេញការងារជួយលើវិស័យសង្គមកិច្ច ដោយភាគច្រើនជួយលើបញ្ហាកុមារ។ នេះជាការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងសង្គមកិច្ច។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២២នេះ បានចុះកិច្ចព្រមព្រៀងគម្រោងកម្មវិធីជាមួយអង្គការដៃគូចំនួន ១៧ ដែលនឹងមានសុពលភាពការងារក្នុងរយៈពេល ឆ្នាំ។ សម្រាប់ការចុះកិច្ចព្រមព្រៀងគម្រោងកម្មវិធីជាមួយអង្គការទាំង ១៧នេះ គឺមានទំហំថវិការហូតដល់ជាង ២០លានដុល្លារអាមេរិក ដែលនឹងបំពេញការងារក្នុងវិស័យសង្គមកិច្ចនៅកម្ពុជា។
ក្នុងឱកាសចុះកិច្ចព្រមព្រៀងនេះ ឯកឧត្តម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច លើកឡើងដែរថា គិតមកត្រឹមពេលនេះ គឺមានអង្គការចំនួន ១៣៤ អង្គការហើយ ដែលបាននឹងកំពុងការងារជួយលើវិស័យសង្គមកិច្ចនៅកម្ពុជា ដោយភាគច្រើនគឺជួយលើផ្នែកកុមារ។
កំឡុងពេលបំពេញការងាររបស់អង្គការនៅកម្ពុជា គឺត្រូវគោរពតាមលក្ខខណ្ឌចាំបាច់មួយចំនួន។ ក្នុងនោះ គឺហាមប្រាមជាដាច់ខាត ការធ្វើការងារខុសគោលដៅ ដោយប្រែអង្គការទៅធ្វើរឿងពាក់ព័ន្ធនឹងនយោបាយ។ នេះជាការបញ្ជាក់បន្ថែមរបស់ អគ្គនាយកដ្ឋានសេវាសង្គមកិច្ច។
ក្រៅពីចំណុចទាំងនេះ ឯកឧត្ដម តូច ចាន់នី ក៏បានណែនាំឱ្យអង្គការទាំងអស់ ត្រូវបំពេញការងារផ្ដល់អត្ថប្រយោជន៍ឱ្យចំដល់ក្រុមគោលដៅពិតប្រាកដ និងត្រូវធ្វើការជិតស្និទ្ធជាមួយមន្ទីរសង្គមកិច្ច ក្នុងទីតាំងខេត្តដែលអង្គការខ្លួនមានទីតាំង។ ការធ្វើការងារជិតស្និទ្ធជាមួយគ្នា គឺដើម្បីងាយស្រួលពិនិត្យមើលសកម្មភាពការងារ និងស្វែងរកដំណោះស្រាយក្នុងករណីមានបញ្ហាណាមួយកកើតឡើង៕ អត្ថបទ៖ គឹមហុក