ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ សម្រេចឱ្យអ្នកជាប់ពន្ធទាំងអស់ ប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយប្រចាំថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការប្រើប្រាស់អត្រាប្ដូរប្រាក់ដែលសមស្រប នឹងអត្រាប្តូរប្រាក់ទីផ្សារ។
បន្ទាប់ពីបានប្រជុំពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា នៃរូបមន្តជ្រើសរើសយកអត្រាប្តូរប្រាក់មួយ ដែលឆ្លុះបញ្ចាំងពីទីផ្សារពិតប្រាកដ និងដោយបច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា បានផ្លាស់ប្តូរវិធីសាស្ត្រថ្មីនៃការកំណត់អត្រាប្តូរប្រាក់ផ្លូវការ ដែលជាអត្រាអន្តរធនាគារ អនុវត្តនៅក្នុងប្រព័ន្ធជួញដូររបស់ធនាគារជាតិនៃកម្ពុជា ដោយបានឆ្លុះបញ្ចាំងពីអត្រាប្ដូរប្រាក់ទីផ្សារជាក់ស្តែង ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចឱ្យអ្នកជាប់ពន្ធទាំងអស់ ប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធិភាព ជាពិសេសផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការប្រើប្រាស់អត្រាប្ដូរប្រាក់ដែលសមស្រប នឹងអត្រាប្តូរប្រាក់ទីផ្សារ។
ដើម្បីធានាដល់ការអនុវត្តអត្រាប្តូរប្រាក់ផ្លូវការ សម្រាប់ការប្រកាសបង់ពន្ធឱ្យបានត្រឹមត្រូវ និងធានាដល់យន្តការផ្ទៀងផ្ទាត់វិក្កយ បត្រឱ្យកាន់តែច្បាស់លាស់ ក៍ដូចជាជួយសម្រួលដល់ការអនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការប្រកាសពន្ធអាជីវកម្មអនឡាញ ឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដូចខាងក្រោម៖ (១) អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ, អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ ដែលចេញដោយធនាគារជាតិនៃកម្ពុជា ឬអត្រាប្តូរប្រាក់ទីផ្សារ ប៉ុន្តែមិនត្រូវទាបជាងអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ របស់ធនាគារជាតិនៃកម្ពុជា សម្រាប់រំលេចប្រាក់រៀលលើតម្លៃសរុបក្នុងវិក្កយបត្រ ក្នុងករណីការផ្គត់ផ្គង់ត្រូវធ្វើឡើងនៅថ្ងៃឈប់សម្រាក ឬមុនម៉ោងដែលធនាគារជាតិនៃកម្ពុជាមិនទាន់បានចេញផ្សាយអត្រាប្តូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយមុនមួយថ្ងៃ នៃថ្ងៃឈប់សម្រាក។ ចំពោះអ្នកជាប់ពន្ធអនិវាសនជន ដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ មិនតម្រូវឱ្យរំលេចប្រាក់រៀលលើតម្លៃសរុបក្នុងវិក្កយបត្រឡើយ។ ដោយឡែក សម្រាប់គោលដៅរៀបចំលិខិតប្រកាសពន្ធជាប្រាក់រៀល និងគណនាអាករលើតម្លៃបន្ថែមត្រូវបង់, អ្នកជាប់ពន្ធអនិវាសនជនត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែ ដូចមានចែងក្នុង ចំណុចទី៣ នៃសេចក្ដីណែនាំនេះ។
(២) អត្រាប្តូរប្រាក់ផ្លូវការសម្រាប់ពន្ធលើប្រាក់បៀវត្ស, អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា រៀងរាល់ថ្ងៃទី១៥ នៃខែនីមួយៗ សម្រាប់គណនាពន្ធលើប្រាក់បៀវត្ស។ ក្នុងករណី ថ្ងៃទី ១៥ នៃខែនីមួយៗ ចំថ្ងៃឈប់សម្រាក ដែលធនាគារជាតិនៃកម្ពុជាមិនបានចេញផ្សាយអត្រាប្តូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃ នៃថ្ងៃឈប់សម្រាក។
(៣) អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែ, អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងក្រោយ នៃខែនីមួយៗ សម្រាប់គណនាពន្ធត្រូវបង់ប្រចាំខែ ចំពោះការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ឬប្រតិបត្តិការទាំងឡាយណាដែលមិនមានរំលេចប្រាក់រៀលលើវិក្កយបត្រដូចជា ប្រតិបត្តិការដែលទទួលការផ្គត់ផ្គង់ពីបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស ឬពីអនិវាសនជនជាដើម។ និង (៤), អត្រាប្តូរប្រាក់ផ្លូវការប្រចាំឆ្នាំ, អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងក្រោយ ក្នុងខែធ្នូ នៃឆ្នាំនីមួយៗ សម្រាប់រៀបចំលិខិតប្រកាសពន្ធប្រចាំឆ្នាំ និងគណនាពន្ធត្រូវបង់ប្រចាំឆ្នាំ៕ អត្ថបទ៖ សុន រ៉ាឌី
