
អន្ដរជាតិ៖ ទូរទស្សន៍ជាតិអូស្រ្តាលី(ABC) បានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមមនុស្សដំបូងដែលជាស្រ្តីជនជាតិអូស្រ្តាលី និងកូនៗរបស់ពួកគេ ដែលត្រូវបានបង្ខាំងខ្លួននៅក្នុងជំរំស៊ីរី ចាប់តាំងពីក្រុមរដ្ឋអ៊ីស្លាមដួលរលំ កាលពីឆ្នាំ ២០១៩នោះ បានឡើងជិះយន្តហោះវិលត្រឡប់ទៅកាន់ទីក្រុងស៊ីដនីវិញ បើទោះបីជាក្រុមប្រឆាំងរដ្ឋាភិបាល បាននិយាយជំទាស់ថា ពួកគេគឺជាការគំរាមកំហែងសកម្មប្រយុទ្ធពុំអាចទទួលយកបានក៏ដោយ។
ទូរទស្សន៍ ABC បានរាយការណ៍ថា ស្រ្តី ៤នាក់ និងក្មេងៗ ១៣នាក់ បានចាកចេញពីជំរំបង្ខាំងខ្លួន Roj ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ និងដឹកទៅកាន់ប្រទេសអ៊ីរ៉ាក់ មុនពេលឡើងតាមជើងហោះហើរឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី៕
