កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង ៦ពាន់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
- សម្តេតេជោ ហ៊ុន សែន បានពាំនាំព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំនាពេលនេះ។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្វាយព្រះពរ បវរមហាប្រសើរ ថ្វាយព្រះករុណា ជាអម្ចាស់ ក្នុងព្រះរាជពិធីខួបគម្រប់១៨ ព្រះវស្សា (២៩ តុលា ២០០៤ - ២៩ តុលា ២០២២) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ។
- សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនឱ្យគេដៀលថា «អាអត់ពូជនោះទេ»។ ពាក្យថា អត់ពូជនេះ សម្តេចចង់បញ្ជាក់ថា មិនឱ្យប្រជាពលរដ្ឋ ដែលជាប្រជាកសិករ អត់ពូជស្រូវ ពូជដំណាំ សម្រាប់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋនោះទេ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទីណាមានការលំបាក ទីនោះតែងមានមុខអាជ្ញាធរ និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះទៅដល់កន្លែងនោះ ដើម្បីដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលមានគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗជាយថាហេតុ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្រាបបង្គំអរគុណ ដល់សម្តេចសង្ឃទាំងពីរគណៈ ដែលបានបរិច្ចាគបច្ច័យ(ជាថវិកា)ជូនដល់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់សប្បុរសជនក្នុងស្រុកទាំងអស់ ដែលមានសមានចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចយល់ណាស់ ពីការលំបាករបស់ប្រជាពលរដ្ឋ ព្រោះសម្តេច ក៏កើតចេញពីកូនកសិករធ្វើស្រែ-ចំការដែរ។ សម្តេចបាននិពន្ធបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ជីវិតអ្នកចំការ វាសនាអ្នកស្រែ» ដែលរៀបរាប់យ៉ាងលម្អិត ពីជីវិតកសិករ ជាពិសេសពេលមានគ្រោះធម្មជាតិផ្សេងៗ ដែលនឹកស្មានមិនដល។
- សម្តេចតេជោ ហ៊ុន សែន ក្នុងពេលឡើងកាន់តួនាទីកំពូលរបស់ជាតិ បានឡើងប្រកាសប្តេជ្ញា និងត្រូវបានកត់ត្រាយ៉ាងច្បាស់ថា «សម្តេចមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ឬរងភាពលំបាកលំបិន ដោយយើងមិនបានដឹង និងមិនមានដោះស្រាយនោះទេ»។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខេត្តកំពង់ធំ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹក ភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ហើយសម្តេចសង្ឃឹមថា ប្រជាពលរដ្ឋគ្រប់គ្នា នឹងនៅបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ និងការបោះឆ្នោតក្រោយៗទៀត។
- សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តមានវិធានការការពារខ្លួនពីការឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់គ្រូពេទ្យ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានៅសល់វ៉ាក់សាំងកូវីដ-១៩ ជាង ៨លានដូលទៀតស្តុកទុកក្នុងឃ្លាំងបម្រុងទុក ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។ ក្នុងនោះមានវ៉ាក់សាំងកូវីដ-១៩ ជាច្រើនលានដូសទៀត បានបញ្ជាទិញទីមិត្តចិន និងអាមេរិក ហើយវ៉ាក់សាំងនោះ នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់គណបក្សភ្លើងទៀន និងសមាជិក សមាជិកា គណបក្សភ្លើងទៀននៅតាមមូលដ្ឋាន ដែលបានចេញញត្តិថ្កោលទោសជនទាំងឡាយ ដែលសំដៅលើជនក្បត់ជាតិ ៣ជំនាន់ ឈ្មោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថព្រះករុណា ព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរមិនអាចទទួលយក។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីមិនអត់ឱន ឬលើកលែងឱ្យបក្សណាក៏ដោយ ឬជនណាក៏ដោយ ដែលភ្ជាប់ខ្លួនទៅជាមួយជនក្បត់ជាតិ ៣ជំនាន់ ឈ្មោះទណ្ឌិត សម រង្ស៊ី ដែលធ្វើនយោបាយបំផ្លាញជាតិសាសន៍ និងប្រជាជនខ្លួនឯង ព្រមទាំងប្រមាថព្រះករុណា ព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងជួបសន្ទនាតាមទូរស័ព្ទ ជាមួយឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លើកិច្ចការមួយចំនួនពាក់ព័ន្ធកិច្ចសហប្រតិបត្តិក្របខ័ណ្ឌអាស៊ាន និងអ៊ុយក្រែន។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។
សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅម៉ោង៨និង០២នាទី។