ភ្នំពេញ៖ ទន្ទឹមនឹងការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នេះបានរៀបចំសិក្ខាសាលាស្ដីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញឌីជីថលនីយកម្ម និងផលិតភាព» ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកសំដៅបង្កើតឱ្យមានឥទ្ធិពល និងផលប្រយោជន៍ដល់អ្នកចូលរួមក៏ដូចជាភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ។
សិក្ខាសាលានេះបានប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្ដុះបណ្ដាលនៅអគារកោះពេជ្ររាជធានីភ្នំពេញ។ សិក្ខាសាលាខាងលើនេះត្រូវបានក្រសួងការងារចាត់ទុកថា ជាផ្នែកមួយនៃយុទ្ធនាការផលិតភាពជាតិដើម្បីចែករំលែកនូវគំនិត, ចំណេះដឹង, ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដោយអ្នកជំនាញជាតិ-អន្តរជាតិសំដៅបណ្ដុះផ្នត់គំនិតវិជ្ជមាន, កែប្រែឥរិយាបថ និងទម្លាប់មិនល្អចោល, បង្កើនការយល់ដឹងអំពីការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្មក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី៤៕ អត្ថបទ៖ បូរ៉ាវី


