សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងជួបពិភាក្សាការ ងារមួយចំនួនជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយគ្រែន តាមរយៈទូរស័ព្ទនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ខណៈកិច្ចពិភាក្សានេះក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងអ៊ុយគ្រែន។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល ផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៦ពាន់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សម្តេចនឹងជួបសន្ទនា ជាមួយប្រធានាធិបតីអ៊ុយគ្រែន តាមទូរស័ព្ទ ដោយកិច្ចសន្ទនានេះគឺធ្វើឡើងតាមការស្នើសុំរបស់ប្រធានាធិបតីអ៊ុយគ្រែន ដែលចង់ជួបពិភាក្សាជាមួយសម្តេចក្នុងនាមប្រធានអាស៊ាន។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ក្នុងនាមសម្តេច ជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ សម្តេចក៏បានអញ្ជើញលោក វីឡាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ឲ្យចូលរួមកិច្ចប្រជុំអាស៊ាន និងអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះដែរ ប៉ុន្តែរហូតមកដល់ពេលនេះប្រធានាធិបតីរូបនេះពុំទាន់មានការឆ្លើយតបយ៉ាងណានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយគ្រែន និងក្រសួងការបរទេសនៃប្រទេសអេស្បាញ និងចុះហត្ថលេខាជាមួយសម្តេច ដែលជាប្រធានអាស៊ានក្នុងក្របខណ្ឌកិច្ច សហប្រតិបត្តិការជាមួយអាស៊ាន-អ៊ុយគ្រែន និងអេស្បាញ៕ អត្ថបទ៖ បាន ចក់
