អ៊ុយក្រែន៖ កងកម្លាំងអ៊ុយក្រែនដែលឈរជើងនៅជិតព្រំដែនភាគខាងជើង ជាមួយប្រទេសបេឡារុសបាននិយាយថា ពួកគេកំពុងរៀបចំសម្រាប់ការវាយលុករបស់រុស្ស៊ី ដែលអាចកើតមានឡើងពីការឆ្លងកាត់ព្រំដែន។ ឆ្មាំព្រំដែនដែលឈរជើងក្នុងតំបន់ Chernihiv កំពុងឃ្លាំមើលយ៉ាងដិតដល់នៅព្រំដែនក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីជាបន្តបន្ទាប់។
អ្នកនាំពាក្យលោកស្រី Halyna Shechovtsova បានប្រាប់ទូរទស្សន៍អង់គ្លេស Sky ថា អង្គភាពរបស់លោកស្រីកំពុងរៀបចំទីតាំងការពារ ដោយសារតែការមើលឃើញពីការកើនឡើងហានិភ័យ។ សមាជិកឆ្មាំម្នាក់ដែលបំពាក់ដោយប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះចល័ត ផលិតដោយចក្រភពអង់គ្លេសនិយាយថា អង្គភាពរបស់លោកត្រូវការអាវុធបន្ថែមទៀតព្រោះវានឹងក្លាយជាខ្សែការពារដំបូង។ តំបន់ Chernihiv ស្ថិតនៅភាគខាងជើងទីក្រុង Kyiv ហើយមានព្រំប្រទល់ជាប់ជាមួយប្រទេសរុស្ស៊ី និងបេឡារុស។ រុស្ស៊ីបានប្រើប្រាស់ប្រទេសបេឡារុសជាមូលដ្ឋានសម្រាប់កងទ័ពនិងដាក់សព្វាវុធរបស់ខ្លួនដែលបានវាយលុកលើអ៊ុយក្រែនកាលពី ៨ខែមុន។
ការព្រួយបារម្ភជាច្រើននៅតែមានថា ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko អាចនឹងព្រមព្រៀងបញ្ជូនកងទ័ពរបស់លោកទៅភាគខាងត្បូងចូលទៅក្នុងប្រទេសអ៊ុយក្រែន។ លោក Lukashenko បានគាំទ្រជាសាធារណៈចំពោះការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ដោយធ្វើឲ្យមានការរិះគន់ពីអន្តរជាតិ និងការដាក់ទណ្ឌកម្មលើទីក្រុង Minsk។ កាលពីដើមខែនេះអាជ្ញាធរបានប្រកាសពីការបង្កើត ការប្រមូលផ្តុំកងទ័ពប្រចាំតំបន់រួមគ្នាជាមួយរុស្ស៊ី និងបាននិយាយថា ទាហានរុស្ស៊ីប្រមាណ ៩,០០០នាក់នឹងត្រូវឈរជើងនៅក្នុងប្រទេសបេឡារុស៕
អត្ថបទ៖ ប៊ុនថន