រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃសុក្របានបញ្ជាយោធាធ្វើឱ្យប្រសើរឡើង នូវការហ្វឹកហ្វឺនសម្រាប់ទាហានកេណ្ឌថ្មី ហើយផ្តល់ឱ្យពួកគេនូវឧបករណ៍ និងការផ្គត់ផ្គង់ចាំបាច់។ បទបញ្ជានេះបានធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រាប់លោក Putin ថា យោធាបានបញ្ចប់ការកេណ្ឌទាហានបម្រុងចំនួន ៣សែននាក់ស្របតាមបទបញ្ជាកេណ្ឌកងទ័ពរបស់លោក Putin។

លោក Sergei Shoigu បានរាយការណ៍ទៅលោក Putin កាលពីថ្ងៃសុក្រថា បទបញ្ជារបស់លោកត្រូវបានបំពេញ និងបាននិយាយថា ពុំមានផែនការភ្លាមៗដើម្បីកេណ្ឌកងទ័ពបន្ថែមទៀតនោះទេ។ លោកនិយាយថា ទាហានកេណ្ឌចំនួន ៨២,០០០នាក់ត្រូវបានដាក់ពង្រាយរួចហើយទៅកាន់នៅប្រទេសអ៊ុយក្រែន ខណៈ ២១៨,០០០នាក់ផ្សេងទៀតកំពុងត្រូវបានបណ្តុះបណ្តាល។ លោក Putin និយាយថា ចាំបាច់ត្រូវមានការធ្វើឲ្យប្រសើរឡើងលើការកសាងគ្រប់ផ្នែក នៃកងកម្លាំងប្រដាប់អាវុធរួមទាំងកងកម្លាំងជើងគោក។
លោក Putin បានចេញបញ្ជាការកេណ្ឌកងទ័ពនៅខែកញ្ញា ក្នុងគោលបំណងបង្កើនកងទ័ពរុស្ស៊ីនៅសមរភូមិមុខ។ ចំណាត់ការនេះបានជំរុញឱ្យមានការតវ៉ា និងជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីប្រទេស។ សកម្មជន និងសារព័ត៌មានរុស្ស៊ីបាននិយាយថា អ្នកដែលត្រូវបានកេណ្ឌជាច្រើននាក់ត្រូវបានគេប្រាប់ឱ្យទិញសម្ភារៈជាមូលដ្ឋាន ដូចជាឧបករណ៍ពេទ្យ និងអាវធំដោយខ្លួនឯង ហើយមួយចំនួនទៀតត្រូវបានផ្តល់អាវុធ៕
អត្ថបទ៖ ប៊ុនថន