អាមេរិក៖ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា គោលនយោបាយរបស់ខ្លួនចំពោះប្រទេសកូរ៉េខាងជើងពុំមានការផ្លាស់ប្តូរនោះទេ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកដែលទទួលបន្ទុកគោលនយោបាយនុយក្លេអ៊ែរ បានលើកឡើងពីការភ្ញាក់ផ្អើលមួយចំនួនដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈចូលរួមកិច្ចចរចាគ្រប់គ្រងអាវុធជាមួយទីក្រុងព្យុងយ៉ាង។

អ្នកជំនាញមួយចំនួនអះអាងថា ការទទួលស្គាល់កូរ៉េខាងជើងជារដ្ឋមានអាវុធនុយក្លេអ៊ែរ ជាអ្វីដែលទីក្រុងព្យុងយ៉ាងស្វែងរកគឺជាលក្ខខណ្ឌជាមុនសម្រាប់កិច្ចចរចា។ ប៉ុន្តែក្រុងវ៉ាស៊ីនតោនបានអះអាងជាយូរមកហើយថា កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងគឺខុសច្បាប់ និងស្ថិតក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ លោកស្រី Bonnie Jenkins អនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកការគ្រប់គ្រងអាវុធ ត្រូវបានសួរនៅក្នុងសន្និសីទនុយក្លេអ៊ែរនៅទីក្រុងវ៉ាស៊ីនតោន អំពីការគ្រប់គ្រងអាវុធរបស់កូរ៉េខាងជើង លោកស្រីបានឆ្លើយថា ប្រសិនបើពួកគេសន្ទនាជាមួយយើង ការគ្រប់គ្រងអាវុធតែងតែជាជម្រើសមួយ ប្រសិនបើប្រទេសពីរមានឆន្ទៈចង់អង្គុយនៅតុចរចា ហើយមិនត្រឹមតែការគ្រប់គ្រងអាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការកាត់បន្ថយហានិភ័យ ដែលអ្វីគ្រប់យ៉ាងឈានទៅដល់សន្ធិសញ្ញាគ្រប់គ្រងអាវុធ។
យើងបានបញ្ជាក់យ៉ាងច្បាស់ដល់កូរ៉េខាងជើងថា យើងត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយពួកគេ យើងមិនមានលក្ខខណ្ឌជាមុននោះទេ។ ដោយសំដៅទៅលើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន លោកស្រីបាននិយាយថា ប្រសិនបើលោក គីម ជុងអ៊ុន ទទួលទូរស័ព្ទ ហើយនិយាយថា «លោកចង់និយាយអំពីការគ្រប់គ្រងអាវុធ» នោះយើងនឹងមិននិយាយថា ទេនោះទេ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងចាប់ផ្តើមការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ជាអ្វីដែលមិនត្រូវបានស្វាគមន៍ចំពោះរដ្ឋបាលលោក Biden នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅដើមខែក្រោយ។ កូរ៉េខាងជើងបានច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យត្រឡប់ទៅកិច្ចចរចាវិញ៕
អត្ថបទ៖ ប៊ុនថន