ភ្នំពេញ៖ សមាគមគ្រូពេទ្យទារកកម្ពុជា ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានបើកសន្និសីទ លើកទី៥ ក្រោមប្រធានបទ «ការថែទាំសុខភាពទារកជុំវិញសម្រាល» ដែលមានការចូលរួមពីគ្រូពេទ្យគ្រប់ជំនាញ ជាពិសេសគ្រូពេទ្យផ្នែកម្តាយ និងទារកចំនួនជាង ២០០នាក់ ក្នុងសន្និសីទនេះ ដឹកនាំក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា។
លោកជំទាវសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ឹម សិទ្ធិការ្យ ប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា ប្រធានផ្នែកប្រពោធនកម្មទារក និងអគ្គនាយករង នៃមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា ទិវាសន្និសីទក្រោមប្រធានបទ «ការថែទាំសុខភាពទារកជុំវិញសម្រាល» ជាប្រធានបទដ៏សំខាន់បំផុតដើម្បីចូលរួម លើកកំពស់សុខាមាលភាពមាតា និងទារក និងកាត់បន្ថយអត្រាស្លាប់របស់ទារក នៅប្រទេសកម្ពុជា តាមរយះការផ្សព្វផ្សាយចំណេះដឹងបន្ថែម ក៏ដូចជាការបណ្តុះ បណ្តាលទាក់ទងទៅនឹង ការថែទាំសុខភាពមាតាពេលមានផ្ទៃពោះ ការថែទាំ ពេលសំរាល និងការថែទាំទារកក្រោយពេលសំរាល។ តាមរយះការបង្ហាញរបស់វាគ្មិនជាតិ និងអន្តរជាតិពីការព្យាបាល ពិសេស ចំពោះទារកដែលកើតមកខ្សោយ នឹងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ បំផុតដល់គ្រូពេទ្យជំនាញទាំងអស់ ដើម្បីយកទៅអនុវត្តតាមបណ្តាមន្ទីរពេទ្យ របស់ខ្លួន ដើម្បីចូលរួមក្នុងការកាត់បន្ថយមរណៈភាពទារកនៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះក្នុងសន្និសីទ ក៏មានការធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរជាតិដែលមកពីបណ្ដាប្រទេស បារាំង និងសិង្ហបុរី ក្រោមប្រធានបទចម្បងមួយគឺ «ការថែទាំសុខភាពទារកជុំវិញ សម្រាល»។
ទន្ទឹមគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សមាគមគ្រូពេទ្យទារកកម្ពុជា តែងតែខិតខំក្នុងការរៀបចំអោយមានកម្មវិធី នេះឡើងជារៀងរាល់ឆ្នាំទោះក្នុងបរិបទ Covid ក្នុងគុណតំលៃដ៏ធំធេង ក្នុងការចែករំលែកនូវបទ ពិសោធន៍ថ្មីៗ ជឿនលឿន ដល់សហភាតរៈទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងទិវាសន្និសីទនេះ ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍វិស័យសុខាមាលភាពមាតា និង ទារកអោយកាន់តែប្រសើរឡើងពីមួយ ឆ្នាំទៅមួយឆ្នាំ ។ ការធ្វើការជាក្រុមនេះ អាចជួយកាត់បន្ថយអត្រាមរណៈភាពទារកអោយកាន់តែមាន ប្រសិទ្ធិភាពបន្តិចម្ដងៗ តាមរយះការផ្សព្វផ្សាយចំណេះដឹងបន្ថែម ក៏ដូចជាការបណ្តុះបណ្តាលទាក់ទង ទៅនឹង ការថែទាំសុខភាពមាតាពេលមានផ្ទៃពោះ ការថែទាំពេលសំរាល និងការថែទាំទារកក្រោយ ពេលសំរាល។
ជាចុងក្រោយតាងនាមអោយក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ សូមថ្លែងអំណរ គុណជាថ្មីម្ដងទៀតដល់សមាគមគ្រូពេទ្យទារកកម្ពុជា ដែលមានលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ ជាប្រធាន និងសាស្ត្រាចារ្យ Victor Samuel Rajadurai ប្រធានសមាគមគ្រូពេទ្យទារកថ្នាក់តំបន់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិ បណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុខុមាលភាពប្រជាជនកម្ពុជាទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនូវសមិទ្ធផលសុខាភិបាលធំៗជាច្រើន ជាពិសេសការកាត់បន្ថយអត្រាមរណភាព មាតានិងទារក៕អត្ថបទ រដ្ឋា