កណ្តាល៖ ដូចការគ្រោងទុក នៅថ្ងៃទី២៩ ខែតុលានេះ រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមបើកពិធីប្រណាំងទូករយៈពេល២ថ្ងៃ នៅមាត់ទន្លេបាសាក់សួនច្បារក្រុងតាខ្មៅ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខណៈពិធីនេះរដ្ឋបាលខេត្តបានអាកខានរៀបចំចំនួន២ឆ្នាំ ដោយសារកូវីដ១៩។
បើតាម លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល បានថ្លែងថា នៅក្នុងឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្តាល បានឯកភាពទទួលទូកចូលរួមប្រកួតមានចំនួន៩២ទូក កើនឡើន២៨ទូក បើប្រៀបធៀបការទូកចូលរួមប្រណាំងនៅក្នុងឆ្នាំ២០១៩ កន្លងទៅ។
លោក ចេង សំអ៊ុល បញ្ជាក់ថា ក្នុងចំណោមទូកដែលចូលរួមប្រណាំងទាំង៩២ទូកនោះ គឺមានទូកចែវ ទូកអុំ អន្តរជាតិ ទូកកាចា និងមានកីឡាករ កីឡាការិនី ប្រមាណជាង ចំនួន ៤៥០០នាក់ និងមានកម្លាំងត្រៀម ចំនួន ៧៩៦នាក់ មកពីបណ្តាខេត្តរាជធានី និងក្រសួងចំនួន៧ រួមមានខេត្តកណ្តាល រាជធានីភ្នំពេញ កំពង់ចាម ព្រៃវែង តាកែវ និងខេត្តកំពង់ឆ្នាំង និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើតាមកីឡាករកីឡាការនី ថ្លែងថា នៅក្នុងឆ្នាំនេះបើទោះកម្ពុជាមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូក តែតាមបណ្តាខេត្តរាជធានីនានាគឺបានរៀបចំពិធីប្រណាំងទូក តាមទំនៀបទំលាប់ប្រពៃណីវប្បធម៌ខ្មែរមានតាំងពីបុរាណកាលមក ហើយសម្រាប់ការចូលរួមពិធីប្រណាំងទូកនៅក្រុងតាខ្មៅនាពេលនេះដែរ យើងមានការសប្បាយចិត្តដែលបានបង្ហាញសមត្ថភាពទូករបស់គេដណ្តើមជ័យលាភីជាមួយបណ្តាទូកនានាទៀតជាច្រើន។
សូមបញ្ជាក់ថា នៅក្នុងពីធីប្រណាំងទូកក្រុងតាខ្មៅនេះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំកម្មវិធីកម្សាន្តសប្បាយនានាជាច្រើនអមជាមួយរួមមាន៖ កម្មវិធីប្រគំដន្ត្រី កម្មវិធីតាំងពិព័រណ៍ទំនិញក្នុងស្រុក បង្ហោះកូប និងកម្មវិធីតូចៗ ដើម្បីបង្កើនភាពសប្បាយរីករាយជាច្រើនទៀតរបស់ប្រជាពលរដ្ឋ៕ អត្ថបទ ស៊ុម សុខជា