អន្តរជាតិ៖ កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19របស់ក្រុមហ៊ុន AstraZeneca ដល់ក្រុមមនុស្សមានអាយុ៣០ឆ្នាំឡើងទៅ។
គួរឲ្យដឹងថា កាលពីសប្តាហ៍មុន កូរ៉េខាងត្បូង បានផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដល់មនុស្សមានអាយុ ៦០ឆ្នាំ ឬក្មេងជាងនេះ ដោយសាររកឃើញករណីកំណកឈាមដ៏កម្រមួយ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ និយតករសុខាភិបាលកូរ៉េខាងត្បូង ដែលជាទីភ្នាក់ងារបង្ការ និងគ្រប់គ្រងជំងឺកូរ៉េ បាននិយាយថា ពួកគេនឹងផ្តល់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុចន្លោះពី ៣០ឆ្នាំ ទៅ ៦០ឆ្នាំ ក្រោយការសិក្សា បានរកឃើញថា វាមានអត្ថប្រយោជន៍ជាងហានិភ័យ រួចមកនោះ។
ប៉ុន្តែ ពលរដ្ឋកូរ៉េខាងត្បូង ដែលមានអាយុតិចជាង ៣០ឆ្នាំ នឹងមិនអាចទទួលការចាក់វ៉ាកសាំងរបស់ក្រុមហ៊ុន AstraZeneca បានឡើយ ថ្វីត្បិតតែចក្រភពអង់គ្លេស ណែនាំឲ្យក្រុមមនុស្សដែលមានអាយុបែបនេះ អាចទទួលការចាក់វ៉ាក់សាំង បានក៏ដោយ៕ អត្ថបទ៖ អៀម សារ៉ាត់